ឆ្កែចិញ្ចឹមនៅហុងកុងត្រូវបានរកឃើញថាមានផ្ទុក COVID-19

13

រដ្ឋាភិបាលហុងកុងនិយាយថាឆ្កែដែលជាកម្មសិទ្ធិរបស់ស្ត្រីដែលឆ្លងកូរ៉ូណាវីរុសនេះ មានមេរោគផងដែរ។

មន្ត្រីរដ្ឋាភិបាលបាននិយាយថាឆ្កែចិញ្ចឹមត្រូវបានដាក់ឲ្យ នៅដាច់ដោយឡែកពីគ្នាបន្ទាប់ពីស្ត្រីអាយុ ៦០ ឆ្នាំត្រូវបានអះអាងថាបានឆ្លងកូរ៉ូណាវីរុសនេះកាលពីថ្ងៃទី ២៥ ខែកុម្ភៈ។ ពួកគេបានរាយការណ៍ថាឆ្កែនេះបានធ្វើតេស្តិ៍វិជ្ជមានខ្សោយនៅក្នុងមាត់និងច្រមុះរបស់វាម្តងហើយម្តងទៀតចាប់ពីថ្ងៃបន្ទាប់រហូតដល់ថ្ងៃច័ន្ទ។

ពួកគេនិយាយថានេះទំនងជាបណ្តាលមកពីការឆ្លងពីមនុស្សទៅសត្វ។ ពួកគេបន្ថែមថាឆ្កែមិនបានបង្ហាញរោគសញ្ញាពីវីរុសទេ។

ក្រុមមន្ត្រីនិយាយថាសត្វចិញ្ចឹមនឹងត្រូវដាក់ដាច់ដោយឡែករហូតដល់វាធ្វើតេស្តិ៍អវិជ្ជមាន។

រដ្ឋាភិបាលកំពុងអំពាវនាវដល់ម្ចាស់សត្វចិញ្ចឹមត្រូវលាងដៃរបស់ពួកគេឱ្យបានសព្វមុននិងក្រោយពេលប៉ះពួកវា ថែរក្សាបរិស្ថានស្អាត និងជៀសវាងប៉ះពាល់ជាមួយសត្វចិញ្ចឹមរបស់ពួកគេ ប្រសិនបើពួកវាមើលទៅហាក់ដូចជាឈឺ។រដ្ឋាភិបាលក៏កំពុងតែទទូចដល់ប្រជាជនកុំឲ្យ មានការព្រួយបារម្ភហួសហេតុចំពោះការចម្លងវីរុសពីមនុស្សទៅសត្វនិងកុំបោះបង់ចោលសត្វចិញ្ចឹមរបស់ពួកគេ៕