អតីតយុទ្ធជនពិការ​ និងពលី  ដែលមានជីវភាពលំបាកខ្វះខាត​ចំនួន​១៥​គ្រួសារ​ បានទទួលអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ 

17

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ  ឆ្នាំ២០២៤
ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា​ខេត្តកំពង់ធំ និងសហការី បាន​នាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនអតីតយុទ្ធជនពិការនិងគ្រួសារអតីតយុទ្ធជនពលី ចំនួន១៥គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត អញ្ជើញមកពីស្រុកកំពង់ស្វាយ​ ​និងក្រុងស្ទឹងសែន​ ដែលពិធីនេះ​ប្រព្រឹត្ត​ទៅនៅទីបញ្ជាការ​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី​ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទ​មុន្នី ដែលលោកទាំងទ្វេតែងតែព្រួយបារម្ភពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ហើយបានសំណូមពរដល់បងប្អូនអតីតយុទ្ធជន  ត្រូវថែទាំសុខភាព​ រស់នៅស្អាត​ មានអនាម័យ​ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗ​ ​និងត្រូវខិតខំប្រកបរបររក ទទួលទានដោយសុចរិត​ទៀងត្រង់​  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ​ ចិញ្ចឹមសត្វ​ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ​ ឲ្យបាន​ល្អ​ប្រសើរ​ ។ ហើយ​ត្រូវចូលរួមអនុវត្ត ឱ្យបានជោគជ័យនូវគោល នយោបាយភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។​

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ  សោម ស៊ុន បាននាំយកនូវស្បៀងអាហារគ្រឿង ឧប ភោគបរិភោគរបស់សម្តេចធិបតី ហ៊ុន ម៉ណែត និងលោកជំទាវ  ទៅឧបត្ថម្ភ​ជូនក្រុមគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីទាំង១៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ​ និង​ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរផងដែរ ។​

ក្រុមគ្រួសារអតីតយុទ្ធជនពិការ​ និង​គ្រួសារ​អតីត​យុទ្ធ​ជន​ពលី​ទាំង១៥​គ្រួសារ​ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំង​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី ដែលតែងតែបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ពួកគាត់កន្លងមក និងសូមគោរពជូនពរសម្ដេច លោកជំទាវ ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី សូមទទួលបាននូវពុទ្ធពរទាំង៤​ប្រការ​ កុំបីឃ្លៀងឃ្លាតឡើយ។