ស្ត្រីចំណាស់២នាក់ ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធ័ម ខណៈជិះម៉ូតូដឹកបន្លែលក់នៅផ្សារព្រៃខ្មែរ

42

 

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីវ័យចំណាស់ដែលតែងតែជិះម៉ូតូដឹកបន្លែយកមកលក់នៅផ្សារព្រៃខ្មែរ ត្រូវបានឡានបុកស្លាប់យ៉ាងអាណោចអធ័ម និងបន្តបុកថ្មើជើងម្នាក់ទៀតរបួសធ្ងន់តែជាអកុសលបានស្លាប់ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការនេះនៅម៉ោងប្រមាណ៥និង៣០នាទីទាបភ្លឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារព្រៃខ្មែរ ស្ថិតក្នុងភូមិស្តុករាជ្យ  ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា៖ ជនរងគ្រោះទីមួយឈ្មោះ ព្រុំ ស៊ីថារី ភេទស្រី អាយុ៦៣ឆ្នាំ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ទឹកសមុទ្រ គ្មានស្លាកលេខ រស់នៅភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ស្លាប់នៅកន្លែងកើតហេតុ ដោយឡែកជនរងគ្រោះថ្មើជើងម្នាក់ទៀតឈ្មោះ ឡាយ ម៉ៅ អាយុ៧១ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ប្រភពដដែលបញ្ជាក់ថា៖ រថយន្តបង្កម៉ាក់ហ៊ីយ៉ាន់ដាយ  ពណ៌ខៀវ ពាក់ស្លាកលេខ ភព3E -0251 អក្នបើបរមិនស្គាល់អត្តញ្ញាណ រត់គេចខ្លួន បើកបរពីត្បូងទៅជើង ក្នុងទិសដៅខ្វែងគ្នា មកដល់ចំណុចខាងលើ បុកម៉ូតូពេញមួយទំហឹង និងបន្តបុកថ្មើម្នាក់ទៀត បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀររងចាំបន្តនិតិវិធី ចំណែកសពទាំងពីរប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕