ការប្រមូលចំណូលពីវិស័យជលផល ក្នុងរយះពេល១១ខែឆ្នាំនេះ បានជិត៣ពាន់លានរៀល

50

(ភ្នំពេញ)៖ របាយកាណ៍ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៧នេះ ចំណូលពីវិស័យជលផលនៅទូទាំងប្រទេសបានចំនួនជាង ២៦៧០លានរៀល ស្មើនឹងជិត៨៩%នៃផែនការ ដែលគ្រោងចំនួន៣ពាន់លានរៀល។

របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែ ការនាំចេញផលនេសាទស្រស់បានចំនួន ៨ ៨២០តោន ស្មើនឹង ៥៨,៨០ភាគរយ នៃផែនការ ១៥,០០០តោន ធៀបនឹងឆ្នាំ២០១៦ កើនឡើងចំនួន ៦២០តោន ។ការកែច្នៃផលនេសាទទឹកសាបបានចំនួន ៦២,៦០០តោន ស្មើនឹង ៧៦,៣៤ភាគរយ នៃផែនការ ៨២ ពាន់តោន បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំកន្លងទៅ កើនឡើងចំនួន ៩០០ តោន។

ដោយឡែក ការកែច្នៃផលនេសាទសមុទ្របានចំនួនជាង ១ម៉ឺនតោន ស្មើនឹង ១១៤,៧៨ ភាគរយ នៃផែនការ ៨ពាន់តោន កើនឡើងចំនួន ២១៥តោន ។ ចំពោះការផលិតទឹកត្រីវិញ បានចំនួនជាង ៥១លាន ១សែនលីត្រ ស្មើនឹង១០២,២០ ភាគរយ នៃផែនការ ៥០ លានលីត្រ កើនឡើងជាង ១១ម៉ឺនលីត្រ។

របាយការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា ក្នុងខែវិច្ឆិកាឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចបាន បង្ក្រាបបទល្មើស នេសាទចំនួន ៣៤៨ករណី។ សមត្ថកិច្ចបានចុះរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើស ជលផលរួមមាន របាំងស្បៃមុង និងសាច់អួនប្រវែងជាង ១០ម៉ឺន២ពាន់ម៉ែត្រ, លូស្បៃមុង និងសាច់ អួន ១,៨៧៧មាត់, បង្គោល/ចម្រឹងចំនួន ៣៦ ៦៨២ដើម, របាំងព្រួលឫស្សីប្រវែង ២០៣ម៉ែត្រ, ឧបករណ៍ឆក់ត្រីចំនួន ១៨គ្រឿង និងលែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន ៥,០៤៥គីឡូក្រាម និងពិន័យអន្តរការណ៍ចំនួន ៧០ករណី ស្មើនឹងទឹកប្រាក់ចំនួន ២០១លាន ៧៥ម៉ឺនរៀល៕