ប្រជានេសាទ នៅឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ស្ម័គ្រចិត្តប្រគល់ ឧបករណ៍នេសាទខុសច្បាប់ ដល់អាជ្ញាធរ

16

 

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានស្ម័គ្រចិត្តប្រគល់នូវ ឧបករណ៍នេសាទខុសច្បាប់ គឺឧបករណ៍ឆក់ត្រី ដល់អាជ្ញាធរ ដើម្បីយកទៅកម្ទេចចោល។

ការប្រគល់នេះ ធ្វើឡើង ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងបានចលនាឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់ឧបករណ៍អាំងវែទ័រឆក់ត្រី ឲ្យប្រគល់ឧបករណ៍ឆក់ត្រីជូនអាជ្ញាធរមានសមត្ថកិច្ច នៅសាលាឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះ មានការចូលរួមពីលោកមេឃុំអំពិលទឹក និងក្រុមប្រឹក្សាឃុំ លោកមេភូមិគ្រប់ភូមិព្រមទាំងប្រជាពលរដ្ឋផងដែរ។

លោកលី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងថា៖ ជាលទ្ធផល អាជ្ញាធរ ទទួលបានអាំងវែទ័រឆក់ត្រីចំនួន ៨ គ្រឿង ពីឈ្មោះ ១. ជីវ សារុន ២. មាន វិបុល ៣. ម៉ាង ថិន ៤. ឡេង ថុន ៥. អ៊ុយ ណេង ៦. ហ៊ុន ហេង ៧. យើ នាង ៨. ឈីង សយ។
ចំពោះអ្នកដែលមិនទាន់បានប្រគល់ ក្រុមការងារបានសុំឲ្យគាត់ប្រញាប់យកទៅប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចជាបន្ទាន់ដើម្បីរួចផុតពីការអនុវត្តច្បាប់។ ដោយឡែក ចំពោះអ្នកមិនព្រមប្រគល់អាំងវែកទ័រជូនសមត្ថកិច្ច យើងនឹងអនុវត្តនីតិវិធី កសាងសំណុំរឿងបញ្ចូនទៅតុលាការ៕