ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ចុះពិនិត្យមើលការរៀន និងបង្រៀននៅសាលាបឋមសិក្សាបី គឺបឋមសិក្សាផាត់សណ្ដាយ បឋមសិក្សាព្រែកខ្សាច់ និងបឋមសិក្សាទួលនាងសាវ ស្ថិតក្នុងឃុំផាត់សណ្ដាយ 

16

 

(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត អមដំណើរដោយមន្ត្រីការិយាល័យបឋមសិក្សា និងមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកកំពង់ស្វាយ សហការជាមួយអង្គការសង្គ្រោះកុមារ Save the Children ចុះពិនិត្យមើលការរៀន និងបង្រៀន នៅសាលាបឋមសិក្សាចំនួនបី គឺបឋមសិក្សាផាត់សណ្ដាយ បឋមសិក្សាព្រែកខ្សាច់ និងបឋមសិក្សាទួលនាងសាវ ស្ថិតក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងដំណើរចុះពិនិត្យមើលលើការរៀន និងបង្រៀននេះ លោក តាន់ ប៊ុនហុង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់អង្គការសង្គ្រោះកុមារ Save the Children ដែលជានិច្ចជាកាលតែងជួយឧបត្ថម្ភគាំទ្រ ទាំងផ្នែកសម្ភារៈ ថវិកា និងស្មារតី ដល់ការរៀន និងបង្រៀន របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាគោលដៅទាំងបីនេះ ដែលជាសាលារៀនស្ថិត នៅក្នុងតំបន់ជួបការលំបាក ដែលទាំងនេះ ត្រូវយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យអប់រំ ដែលជាធាតុចូលដ៏សំខាន់។

ជាមួយគ្នានោះដែរលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា មានប្រសាសន៍ផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចឱ្យអស់ពីសមត្ថភាព ព្រោះលោកគ្រូ អ្នកគ្រូទាំងអស់ គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការអភិវឌ្ឍនូវធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការចូលរួមសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ អត្ថបទមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ-