អាជីវករផ្សារ ”កំពង់បឹង” តវ៉ាស្នើសុំពន្យាពេល បន្ទាប់ពីរដ្ឋបាលស្រុក ចេញលិខិតឲ្យរុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្សារថ្មី

48

 

ខេត្តកំពង់ឆ្នាំង៖ អាជីវករផ្សារ”កំពង់បឹង” ស្ថិតក្នុងឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាំគ្នាទទូចសុំអង្វរ ឲ្យមានការពន្យាពេល បន្ទាប់ពីមានលិខិតជូនដំណឹងភ្លាមៗ ពីរដ្ឋបាលស្រុកកំពង់លែង ឲ្យពួកគាត់រុះរើតូប ដើម្បីឲ្យក្រុមហ៊ុនវិនិយោគសាងសង់ផ្យារថ្មី។

យោងតាមលិខិតជម្រាបជូនរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្តីពីការស្នើសុំវិនិយោគសាងសង់ផ្សារ” ផ្សារសន្តិភាពកំពង់បឹង “ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលស្រុកកំពង់លែង សូមជម្រាបជូនដំណឹងដល់អាជីវករលក់ដូរក្នុងផ្សារកំពង់បឹងទាំងអស់ឱ្យបាន ជ្រាបថា៖ ក្រុមហ៊ុនវិនិយោគនឹងចូលសាងសង់ ” ផ្សារសន្តិភាពកំពង់បឹង់” ស្ថិតនៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ។ ដូចនេះ សូមអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ដែល មានតូបលក់ដូរបច្ចុប្បន្ននេះ ត្រូវចាប់ផ្តើមរុះរើ ទៅសាងសង់តូបលក់ដូរជាបណ្តោះអាសន្ន នៅទីធ្លារអាគារគ្រោះ មហន្តរាយ ។ ចំពោះអាជីវករដែលលក់ដូរលើគ្រែ សូមយកគ្រែទៅរៀបចំតាមបណ្តោយផ្លូវបេតុង ចាប់ពីចំណុច ផ្ទះលោក ប៉ាល់ ជឿន អធិការនគរបាលស្រុក ដល់ទីស្នាក់ការកងរាជអាវុធហត្ថស្រុក និងបត់ផ្លូវចូលវត្តអម្ពវ័ន្ត (វត្តថ្មី)។ កាលបរិច្ឆេទរុះរើតូប និងគ្រែរបស់អាជីវករលក់ដូរក្នុងផ្សារកំពង់បឹង ចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

អាជីវករផ្សារទាំងនោះបានរៀបរាប់ប្រាប់ដូចគ្នាថា អាជីករលក់ដូរនៅផ្សារ”កំពង់បឹង”នេះមានចំនួនប្រមាណជាង៥០តូប ពួកគាត់មិនបានរារាំងហាមឃាត់ ក្នុងការវិនិយោគនោះទេ ប៉ុន្តែដោយសារបច្ចុប្បន្ននៅទីតាំងភូមិសាស្រ្តខាលលើនេះមានប្រជាពលរដ្ឋចំណាកស្រុកច្រើន ការលក់ដូររបស់ពួកគាត់មិនសូវដាច់  និងជំពាក់អង្គការផងនោះ មិនអាចមានលទ្ធភាពបានទេក្នុងការទិញតូប ឬបង់រំលួសតូបថ្មី តាមអ្វីជាគោលការណ៍របស់ក្រុមហ៊ុន។ ដូច្នេះហើយស្នើសុំមានការពន្យាពេល៣ឆ្នាំ ដើម្បីទុកលទ្ធភាពនៃពេលវេលានេះបន្ថយលុយជំពាក់គេពីមុនឲ្យធូដៃខ្លះ ឬឲ្យដាច់សិន ទើបមានលទ្ធភាពខ្ចីគេបន្តដើម្បីទិញតូបផ្សារលក់ដូរបន្ត។ ក្នុងនោះដែរពួកគាត់បានជម្រាបជូនទៅលោកអភិបាលស្រុកដែរ ប៉ុន្តែលោកឆ្លើយតបថា បើក្រសួងសេដ្ឋកិច្ចស៊ីញ៉េមកហើយតើយើងសុំមិចកើត។ហើយកន្លងមកក្រុមជាជីវករទាំងអស់ក្នុងផ្សារបាននាំគ្នា ផ្តិតមេដៃធ្វើលិខិតស្នើសុំពន្យាពេលការធ្វើផ្សារនេះ រៀបចំដាក់ជូនទៅរដ្ឋបាលខេត្ត និងស្នើសុំទៅក្រសួងខ្លួនឯង ប៉ុន្តែលោកអភិបាលស្រុកអះអាងថាចាំគាត់ជួយសុំឲ្យ រហូតមកទល់ថ្ងៃនេះបែជាចេញលិខិតជូនដំណឹងឲ្យរុះរើផ្សារទៅវិញ។

ពួកគាត់បញ្ជាក់បន្ថែមថាចំពោះផ្សារថ្មីនេះដែរ តូបវិញបើឲ្យលុយភ្លាមតម្លៃចាប់ពី២៥០០$,៨០០០$,១៥០០០$ តាមទំហំ និងបរិវេណខាងក្នុង ឬខាងក្រៅ ដោយឡែកការបង់រំលួសវិញ គឺមានបម្លៃផ្សេងពីនេះ។ចំពោះតូបរដ្ឋពីមុនមកគឺផ្តល់ជូនមួយប្លង់ត្រឹមតែ១០ម៉ឺនរៀល និងបង់ប៉េតង់១ឆ្នាំ១ម៉ឺនរៀលខ្មែរតែប៉ុណ្ណោះ!។

ដោយហេតុផលទាំងអស់នេះហើយពួកគាត់សូមសំណូមពរ ដល់អាជាធរស្រុក ខេត្ត ក្រសួងពាក់ព័ន្ធ ជាពិសេសគោរពជូនសម្តេចពុក និងសម្តេចធិបតីហ៊ុន ម៉ាណែត សូមជួយអន្តរាគមន៍ ពន្យាពេល ឲ្យពួកគាត់រុះរើសតូបតាមសំណើរខាងលើ ដើម្បើកូនចៅបានរស់នៅជ្រកក្រោមដំបូលសន្តិភាព ដោយក្តីអនុគ្រោះផងចុះ។

លោកយ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ថាអាជីវករដែលលក់ដូរនៅផ្សារកំពង់បឹង នេះ ២០ទៅ៣០ឆ្នាំហើយ ក្នុងនោះរដ្ឋពុំដែលគិតអំពីកម្រៃជើងផ្សារយកមកអភិវឌ្ឍនទេ  ប៉ុន្តែដល់ពេលវេលាហើយនៅតែពួកគាត់សុំពន្យា៣ឆ្នាំទៀត។ ពាក់ព័ន្ធនឹងការសុំពន្យានេះដែរអ្វីដែលសំខាន់នោះគឺស្នើលិខិតស្នាមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានសិទ្ធិសម្រេច។លោកអភិបាលស្រុកបន្តថា រឿងនេះមានក្រុមហ៊ុនមួយបានធ្វើការវិនិយោគជាមួយរដ្ឋ មានន័យថាបានសិទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើកាលបរិច្ឆេតចាប់ផ្តើមធ្វើការសាងសង់ និងកាលបរិច្ឆេតកំណត់ការសាងសង់ដែលរួចរាល់។ ចឹង!ហើយយើងពុំអាចធ្វើការពន្យាបានទេ ហើយតាមស្តាប់មើលទៅមានអាជីវករប្រមាណ៦០ភាគរយតាមឯកភាព នៅពេលដែលប្រជុំសម្រេចចុងក្រោយ។

នៅថ្ងៃដដែលនេះដែរឯកឩត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងបញ្ជាឲ្យដឹងថា សូមអរគុណ លោកនឹងចាត់ឲ្យអភិបាលរងខេត្តចុះទៅពិនិត្យរឿងនេះ៕