មន្ត្រីជាន់ខ្ពស់ចិនបានមកដល់ទីក្រុងសេអ៊ូល សម្រាប់កិច្ចពិភាក្សាលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង

38

ប្រមុខចរចារជាន់ខ្ពស់របស់ចិន បានមកដល់ទីក្រុងសេអ៊ូល នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាជាមួយពួកមន្ត្រីកូរ៉េខាងត្បូង ស្តីពីបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង រយៈពេល០៤ថ្ងៃ មុនពេលទីក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាង នឹងរៀបចំកិច្ចប្រជុំកំពូលដ៏កម្រមួយ។

លោក Kong Xuanyou ជំនួយការរដ្ឋមន្ត្រីការបរទេស បានបដិសេធមិនឆ្លើយសំណួររបស់អ្នកកាសែតនៅពេលគាត់បានមកដល់អាកាសយានដ្ឋានអន្ដរជាតិ Incheon។ លោក Kong នឹងជួបជាមួយលោក Lee Do-hoon ដែលជាអ្នកតំណាងពិសេសសម្រាប់សន្តិសុខ និងកិច្ចការសន្តិភាពនៅឧបទ្វីបកូរ៉េ ដើម្បីពិភាក្សាអំពីស្ថានការណ៍សន្តិសុខនៅលើឧបទ្វីបកូរ៉េ។

មន្រ្តីជាន់ខ្ពស់ចិនរូបនេះ ក៏នឹងជួបជាមួយលោក Lim Sung-nam អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៅថ្ងៃសុក្រនេះផងដែរ មុននឹងធ្វើដំណើរត្រឡប់ទៅចិនវិញនៅថ្ងៃសៅរ៍ស្អេក។ ដំណើរទស្សនកិច្ចរបស់លោកបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងត្បូងនិងកូរ៉េខាងជើង បានយល់ព្រមជួបប្រជុំគ្នានៅព្រំដែន Panmunjom នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការចូលរួមរបស់កូរ៉េខាងជើង នៅក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងារ Pyeongchang និងវិធីសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងរបស់ពួកគេឡើងវិញ៕