រលកកម្តៅជាង ៤៧អង្សា កំពុងវាយប្រហារនៅទីក្រុងស៊ីដនី ក្នុងរយៈពេល ៨០ឆ្នាំមកនេះ

34

នៅថ្ងៃចន្ទនេះ រលកកម្តៅបានកើតឡើងនៅទូទាំងរដ្ឋ New South Wales (NSW) ប្រទេសអូស្ត្រាលី បន្ទាប់មកទីក្រុងស៊ីដនី ក៏បានទទួលរងនូវរលកកម្តៅដែលក្តៅបំផុត ដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៨០ឆ្នាំមកនេះ។ រលកកម្តៅថ្ងៃចុងសប្តាហ៍នេះ មានសីតុណ្ហភាពខ្ពស់រហូតដល់ជាង ៤៧,៣អង្សាសេ នៅភាគខាងលិចស៊ីដនី។

អ្នកនាំពាក្យក្រសួងឧតុនិយមអូស្ត្រាលីលោក Jordan Notara បានប្រាប់ថា ជាលទ្ធផលចរាចររវាងទីក្រុងស៊ីដនី និងមែលប៊ន ត្រូវបានពន្យារពេលអស់រយៈពេលជាច្រើនម៉ោង។ ខណៈដែលភ្លើងឆេះព្រៃ ក៏បានឆេះនៅទូទាំងភាគអាគ្នេយ៍ កាលពីចុងសប្ដាហ៍នេះ ដោយអាជ្ញាធរបានឆ្លើយតបនឹងបាញ់ពន្លត់អគ្គិភ័យចំនួន ៥១លើក ដាច់ដោយឡែកពីគ្នានៅក្នុងរដ្ឋ NSW។

សូមបញ្ជាក់ថា អាជ្ញាធរអូស្ត្រាលី បានចេញផែនការហាមឃាត់ប្រជាពលរដ្ឋខ្លួន មិនឲ្យបង្ហាត់ភ្លើង ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ បន្ថែមលើសពីនេះ អាជ្ញាធរក៏បានទទូចឲ្យពលរដ្ឋផឹកទឹកឲ្យបានច្រើន និងមិនត្រូវចេញក្រៅផ្ទះយូរពេក ព្រោះកម្តៅបានបង្កជាការបំពុលខ្យល់។ ក្រុងស៊ីដនី ធ្លាប់ទទួលរងនូវរលកកម្តៅរហូតដល់ ៤៧,៨អង្សាសេ កាលពីឆ្នាំ១៩៣៩៕