បញ្ជូនម៉ែយ៉ែម ល្បីឈ្មោះម្នាក់ ពាក់ព័ន្ធបទល្មើស ល្បួងក្មេង ស្រី លក់ឲ្យតាតា អ្នកមានលុយ នៅប៉ៃលិន

0
57

(ថ្ងៃទី 07 August 2020 ម៉ោង 1:51 pm)

ប៉ៃលិន៖ សមត្ថកិច្ចនគរបាល បានបញ្ជូនម៉ែយ៉ែម ល្បីឈ្មោះម្នាក់ ទៅកាន់សាលាដំបូង ខេត្តប៉ៃលិន ពាក់ព័ន្ធបទល្មើស ល្បួងក្មេងស្រី លក់ឲ្យតាតា អ្នកមានលុយ។
មេខ្យល់ជួញដូរស្ត្រី វ័យក្មេង ដើម្បីលក់ឲ្យអ្នកមានលុយនេះ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្ស សហការជាមួយ ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តប៉ៃលិន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីឃាត់ខ្លួនបាន នៅត្រង់ចំណុច ភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មេខ្យល់ល្បីឈ្មោះ ភេទទី៣ នោះ មានឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរ កោសជប់ ជ្រកកោនក្រោមស្លាក ផ្ទះសំណាក់ យីហោ ” LSC ” ឋិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន។ ចំណែកនារីរងគ្រោះ ក្នុងបទល្មើសជួញដូរផ្លូវភេទនេះ មានចំនួន ៥ នាក់ ក្នុងនោះ ជនរងគ្រោះទី១ ឈ្មោះ ញ រ ន អាយុ១៦ឆ្នាំ, ឈ្មោះ ហ ស ថ អាយុ១៦ឆ្នាំ, ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ, ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ និងឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ទាំងអស់គ្នា រស់នៅភូមិផ្សារព្រំ ក្រុងប៉ៃលិន ។
ជនជាប់ពាក់ព័ន្ធ ជាមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here