អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

0
15

ភ្នំពេញ);;នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២០នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបចំកិច្ចប្រជុំស្ដីពីការពង្រឹងវិធានការសន្តិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពី អគ្គស្នងការរង អនុប្រធានសេនាធិការ ប្រធាននាយកដ្ឋានសរុបផែនការ ប្រធាននាយកដ្ឋានចំណុះនាយកដ្ឋានកណ្ដាលសន្តិសុខ ប្រធាន អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យ នៃនាយកដ្ឋានប្រឆាំងការជួញដូរ និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងស្នងការ ស្នងការរងនគរបាលរាជធានី-ខេត្តសរុបប្រមាណ១៣០រូប។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធិ អគ្គស្នងការរងនគរបាលជាតិ បានធ្វើការអាននូវសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងរាយការណ៍អំពីការវាយតម្លៃសន្តិសុខជាតិ។ ឯកឧត្តមបានលើកឡើងថា មេដឹកនាំសកម្មភាពក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស នៅតែបន្តសកម្មភាព ដោយជម្រុញឲ្យប្រទេសលោកសេរីចេញច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីរាជរដ្ឋាភិបាល ជាពិសេសកងកម្លាំងប្រដាប់អាវុធ, បានបញ្ជាឲ្យមានសកម្មភាពនៅមូលដ្ឋាន បន្តកសាង រក្សាកម្លាំង ការចេញធ្វើសកម្មភាពទាមទារតវ៉ា ហើយក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបំផុសចលនាទាមទារផ្សេងៗ និងបានធ្វើការញុះញង់កងកម្លាំងប្រដាប់អាវុធផងដែរ។ ឯកឧត្តមបន្តថា បណ្ដាអង្គការ សមាគមក្រៅរដ្ឋាភិបាលមួយចំនួនបានដាក់ចេញនូវផែនការគួរកត់សម្គាល់រួមមាន៖ ទទួលថវិការអង្គការដៃគូអន្តរជាតិ ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្ររបស់ខ្លួនដោយផ្ដោតលើកិច្ចការពង្រឹងកម្លាំងយុវជនតាមរយៈអង្គការនានា បណ្ដុះបណ្ដាលសហគមន៍ ពលរដ្ឋនៅតាមមូលដ្ឋានឲ្យក្លាយជាអ្នកកាសែតប្រជាជន ជាដើម។

បន្ថែមពីនេះ លោកជំទាវ នាយឧត្តមសេនីយ៍ យក់ សុខា អគ្គស្នងការរងនគរបាលជាតិ បានធ្វើបទអន្តរាគមន៍អំពីសភាពការណ៍ និងលទ្ធផលស្ដីពីការជួញដូរមនុស្ស ដោយលើកឡើងថា ប្រទេសកម្ពុជាត្រូវបានសហរដ្ឋអាមេរិក វាយតម្លៃចំណាត់ថ្នាក់លេខ២ក្នុងការឃ្លាំមើលពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះ ប៉ុន្តែស្ថាប័នពាក់ព័ន្ធនៅតែរួមគ្នាពង្រឹង និងបង្កើនប្រសិទ្ធភាពការងារឲ្យប្រសើរសម្រាប់ឆ្នាំបន្តបន្ទាប់ខាងមុខ។ លោកជំទាវ បានឲ្យដឹងថា បើទោះបីជាស្ថិតក្នុងស្ថានភាពការពារ ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាឆន្ទៈខិតខំទប់ស្កាត់ ប្រឆាំងរាល់បទល្មើស រួមទាំងអំពើជួញដូរមនុស្សគ្រប់វ័យផងដែរ បើទោះជាយ៉ាងនេះក្ដី ក្រសួងមហាផ្ទៃដែលមានគណៈកម្មាធិជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស អគ្គស្នងការនគរបាលជាតិជាសេនាធិការ បានដាក់ចេញនូវផែនការសកម្មភាពជាច្រើន ក្នុងការបង្ការ ទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក៏ដូចជាជួយសង្គ្រោះ ការពារជនរងគ្រោះឲ្យបានទាន់ពេលវេលាទៀតផង។

សម្រាប់កិច្ចការងារពង្រឹងសន្តិសុខ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ណែនាំថា ស្នងការដ្ឋាននគរបាលនៃខេត្តនីមួយៗ និងស្ថាប័ន អង្គភាពពាក់ព័ន្ធត្រូវខិតខំធ្វើការរួមគ្នា សិក្សា ស្រាវជ្រាវ ក្ដោបក្ដាប់ឲ្យបាននូវព័ត៌មានផ្សេងៗរួមទាំងពាក់ព័ន្ធជាមួយនឹងក្រុមអមិត្ត ប្រមូលនូវហេតុការណ៍សន្តិសុខជាតិ និងធ្វើផែនការសកម្មភាពសន្តិសុខជាក់ស្ដែង ដើម្បីធានាឲ្យបាននូវសន្តិសុខជាតិ កុំឲ្យមានជនឆ្លៀតឱកាសប្រព្រឹត្តអំពើភារវកម្ម និងបំផ្លាញសន្តិសុខ ក៏ដូចជាសន្តិភាពប្រទេសជាតិ។ ជាងនេះទៀត ចំពោះកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឯកឧត្តម អគ្គស្នងការ បានលើកឡើងថា កិច្ចការងារនេះជាយន្តការអន្តរជាតិ និងមានសារៈសំខាន់សម្រាប់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ ដូចនេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន គណៈកម្មការ ស្នងការនគរបាលខេត្ត អង្គភាពពាក់ព័ន្ធត្រូវរៀបចំ គ្រប់គ្រង ជម្រុញការងារនេះឲ្យមានលទ្ធផលប្រសើរឡើង ដោយសិក្សាពីបទល្មើសជួញដូរនានា និងកំណត់បាននូវប្រធានបទ ចង្កោមអាទិភាពផងដែរ។ ឯកឧត្តមបន្តថា ការពង្រឹងគុណភាព រចនាសម្ព័ន្ធការងារ ជាពិសេសការកសាងធនធានមនុស្ស ដើរតួនាទីចាំបាច់ ដើម្បីជម្រុញឲ្យមន្ត្រីទទួលបន្ទុកអាចមានសមត្ថភាពក្នុងការ បំពេញការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រៅពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានផ្ដែផ្ដាំផ្ញើដល់មន្ត្រីនគរបាល ស្នងការនគរបាលខេត្តទូទាំងប្រទេស ត្រូវការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់នៅតាមគោលដៅឲ្យបានម៉ត់ចត់ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ហើយត្រូវធ្វើជាគំរូក្នុងការការពារខ្លួនឲ្យបានពីជំងឺរាតត្បាតកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ ក៏បានផ្ដល់កិត្តិយសបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ ជូនស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប កណ្ដាល ស្ទឹងត្រែង និងព្រៃវែងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here