ឯកឧត្តម សុខ លូ អញ្ជើញចូលកាន់បិណ្ឌវេនទី១១ នៅវត្តសីតធម្មោពោធិមង្គល (ហៅវត្តពោធិ៍បាក់ក)

0
17

(កំពង់ធំ) ÷ រសៀល នៅថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌទី១១ ដោយនាំយកនូវ ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅ វត្តសីតធម្មោពោធិមង្គល (ហៅវត្តពោធិ៍បាក់ក) ស្ថិតនៅសង្កាត់ ពោធិបាក់ក ក្រុងស្ទឹងសែន ខេត្តកំពង់ធំ រួមជាមួយពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្តពោធិ៍បាក់ក។

ក្នុងឱកាស​នៃការចូលរួមកាន់បិណ្ឌទី១១ ឯកឧត្តម សុខ លូ និង​លោកជំទាវ ព្រមទាំងមន្ត្រីរាជការទាំងអស់​អញ្ជើញ ​អុជ​ទៀន ធូប បង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិស​កុសលផល​បុណ្យ ដល់​បុព្វការី​ជន មាន​មាតា បិតា ជីដូន​ជីតា ញា​តិការ​ទាំង ៧​សណ្ដាន ដែល​បាន​ចែក​ឋាន​ទៅ សូម​បាន​សោយសុខ​ទៅកាន់​ឋាន​សុគតិភព ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ឯកឧត្តមក៏បញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃនេះ គឺប្រារព្ធធ្វើឡើងដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកាទាំង៧សន្តាន ដែលបានចែកឋាន ដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព ដែលប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ នឹងទទួលកុសលផលបុណ្យដែលកូន ចៅបានឧទ្ទិស ទៅឱ្យនោះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានអំពាវនាវឱ្យ ពុទ្ធបរិស័ទទាំងអស់គ្នា ចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សា អនាម័យឱ្យបានល្អរួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សា ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការការពារ និងទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៃរលកទី២ ខណៈដែលពិភពលោកកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារ ជំងឺដ៏កាចសាហាវកូវីដ១៩។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមឱ្យ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក៏ដូចជាឪពុកម្ដាយត្រូវណែនាំដល់កូនចៅ ចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ដោយពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះថាគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ក្នុងរយៈកាន់បិណ្ឌនេះផងដែរ រដ្ឋបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការទាំងអស់ បានចូលរួមកាន់បិណ្ឌ បានចំនួន ៤វត្ត ក្នុងនោះមានវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ) វត្តទេពនិម្មិត (ហៅវត្តធម្មយុត្តិ) វត្តសត្ថារាម (ហៅវត្តកំប៉ើយ) និងវត្តសីតធម្មោពោធិមង្គល (ហៅវត្តពោធិ៍បាក់ក) នៅក្នុងនោះក៏បាននាំយកបាននាំយកនូវទេយ្យវត្ថុ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃក្នុងវត្តរួមមាន៖ អង្ករ មី ទឹកបរិសុទ, ទឹកក្រូច និងទឹកផ្លែឈើ ក្រណាត់ស និងបច្ច័យសម្រាប់កសាងមួយចំនួនផងដែរ។

សូមបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែឆ្នាំដដែល ឯកឧត្តម សុខ លូ និងលោកជំទាវព្រមទាំងសហការី បានចូលរួមកាន់វេនទី១០ ជាមួយបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះ ជើងវត្តដាច់ស្រយាលមួយនៃស្រុកសណ្ដាន់ គឺ វត្ដគិរីសត្ថារាម ហៅវត្តកំប៉ើយ ស្ថិតនៅក្នុងឃុំមានរិទ្ធស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

LEAVE A REPLY

Please enter your comment!
Please enter your name here