សូម​ឯកឧត្តម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​ពិនិត្យមើល​ករណី​លោកឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ កំពុង​បំពានច្បាប់​ផង​ !

0
105

នៅ​ថ្ងៃទី​ ៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០២០​ នគរបាល​សេដ្ឋកិច្ច​ ខេត្ត​បន្ទាយមានជ័យ​ ក្រោមការដឹកនាំ​របស់​លោកឧត្ដមសេនីយ៍ត្រី​ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ទទួល​ផែនប្រឆាំងបទល្មេីសសេដ្ឋកិច្ច​ បានចាប់ឃាត់​រថយន្ដ​កូរ៉េ​ ១តោន​ មួយគ្រឿង​ ដឹកក្ដារចំនួន​ ៨០​ សន្លឹក​ជាង​ នៅ​ចំណុច​ គីឡូ​ម៉ែត្រ​លេខ​ ៤៣​ ផ្លូវ​លេខ​ ៥៨​ ភូមិ​ ព្រៃចាន់​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​ បន្ទាយមានជ័យ​ រួច​នាំយកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ឃុំខ្លួន​ចំនួន​ ៣​ ថ្ងៃ​ ទេីប​បញ្ជូន​ទៅ​ អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដោយ​មិនប្រគល់​អោយ​មេព្រៃ​ តាម​មាត្រា​ ៧៨​ នៃ​ ច្បាប់​ស្ដីពី​ព្រៃឈើ​ឡេីយ​ ។

មាត្រា​ ៧៨​ នៃ​ ច្បាប់​ស្ដីពី​ព្រៃឈើ​ បានចែង​ថា​ អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ កងកម្លាំង​ប្រដាប់​អាវុធ​ អាជ្ញាធរ​គយ​ និង​ រដ្ឋាករ​ អាជ្ញាធរ​ព្រលានយន្តហោះ​ និង​ កំពង់​ផែ​ និង​ អាជ្ញាធរ​ពាក់ព័ន្ធ​ដ៏ទៃទៀត​ ត្រូវ​បង្ករភាព​ងាយស្រួល​ និង​ ត្រូវ​ផ្ដល់​កម្លាំង​សហការ​ក្នុង​ការស្រាវជ្រាវ​ ទប់ស្កាត់​ និង​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ ឬ​ ថែរក្សា​វត្ថុតាង​បទល្មេីស​ព្រៃឈើ​ជា​បណ្ដោះ​អាសន្ន​ ក្នុង​ករណី​មានការស្នេីសុំ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មាន​សមត្ថកិច្ច​ ។ ក្នុង​ករណី​ដែល​អាជ្ញាធរ​បាន​ជួប​ប្រទះ​នូវបទល្មេីស​ព្រៃឈើ​ជាក់ស្ដែង​ អាជ្ញាធរ​ទាំងនោះ​ ៖​ ១-​ ត្រូវ​ជូនព័ត៌មាន​បន្ទាន់​ដល់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ឬ​ ការិយាល័យ​រដ្ឋបាល​ព្រៃឈើ​មានសមត្ថកិច្ចដែល​នៅជិតបំផុត​ ។ ២​-​ អាចឃាត់ខ្លួន​ជនប្រព្រឹត្តបទល្មេីស​ និង​ ចាប់​យកវត្ថុតាងបទល្មេីសជាបណ្ដោះ​អាសន្ន​ រួច​បញ្ជូន​ជា​បន្ទាន់​ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ដែលមាន​និតិសម្បទា​ជា​មន្រ្តី​នគរបាល​យុត្តិធម៌​ ដេីម្បី​ចាត់ការ​តាម​និតិវិធី​ ។ ៣-​ មិនត្រូវ​ទទួល​ប្រាក់​ពិន័យ​ ឬ​ រឹបអូស​វត្ថុតាង​បទល្មេីស​ដោយផ្ទាល់​ឡេីយ​ ។

ឥលូវ​នេះ​ លោកឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាឬទ្ធ​ មិនបាន​គោរព​ច្បាប់​ មិនផ្ដល់​ ព័ត៌មាន​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ និង​ មិន​ប្រគល់វត្ថុតាងបទល្មេីស​អោយ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ ដែលមាន​ចែងក្នុងច្បាប់​ ហេីយ​ចាប់​ ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​ដោយខ្លួនឯង​ បញ្ជូន​ទៅ​តុលាការ​ដោយខ្លួនឯង​ រក្សាទុក​វត្ថុតាង​បទល្មេីស​ដោយខ្លួនឯង​ ។

ប្រជាពលរដ្ឋ​ ២​ នាក់​​ ១-​ ឈ្មោះសន ប្រុក អាយុ២៦ ឆ្នាំភេទប្រុស អ្នកបេីកឡានដឹកទឹកសុទ្ធនៅប៉ោយប៉ែត​ ។ ២-ឈ្មោះអាន សុគ្រី ភេទប្រុសអាយុ 28 ឆ្នាំ ម្ចាស់ឈើ រស់នៅភូមិដាំស្ពៃសង្កាត់ស្លាកែតខេត្តបាត់ដំបង​ ឈើក្តានេះទិញមកពីថៃ ចំនួនក្ដា 89 (​ ជាប្រភេទ​ឈេី​ក្ដារចាស់​រុះចេញពី​ផ្ទះចាស់​នៅ​ថៃ​ មិនមែន​ជាឈេី​កាប់ថ្មី​នៅ​ក្នុង​ប្រទេស​ )​សរុប​ប្រហែល​ជាង​ ១ម៉ែត្រ​គូប​ សន្លឹក​ តុចំនួន 2​ ។ ឥលូវ​ប្រជាពលរដ្ឋ​ទាំង​ ២​ នាក់​ នេះ​ត្រូវ​បាន​លោកចៅក្រម​ អាំង​ ចិន្ដា​ ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន​ បន្ទាន់​ពី​លោក​ព្រះរាជ​អាជ្ញា​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ចោទ​ប្រកាន់​​រួច​ ។

ការឃុំខ្លួននេះត្រូវបាន​មន្រ្តី​ព្រៃឈើ​មួយរូប​ដែល​សុំមិនបញ្ចេញឈ្មោះ​បាន​ប្រាប់​ ខ្ញុំតាម​ទូរស័ព្ទ​ថា​ ការដឹកជញ្ជូនឈេីដោយគ្មាន​លិខិត​អនុញ្ញាត​ មិនមានទោស​ជាប់​ពន្ធនាគារ​ទេ​ ព្រោះ​ មាត្រា​ ៩៦​ ច្បាប់​ស្ដីពី​ព្រៃឈើ​ ចំណុច​ទី​ ២​ បានចែង​ថា​ ការដឹកជញ្ជូនផល​ អនុផលព្រៃឈេី​ដោយគ្មាន​លិខិត​អនុញ្ញាត​ មានទោស​ត្រឹម​ពិន័យអន្តរការណ៍​ ពី​ពីរដង​ ទៅ​ បីដង​ នៃ​តម្លៃ​វត្ថុតាង​ពិតប្រាកដនៃ​ទីផ្សារ​ ។ ចំពោះ​ការចោទប្រកាន់​តាម​មាត្រា​ ៩៨​ គឺ​ មិនត្រឹមត្រូវ​ទេ​ ។

ហ៉ឺម​ មន្ត្រី​ចេះច្បាប់​មិនគោរព​ច្បាប់នាំអោយរាស្ត្ររងទុក្ខ​ មន្ត្រី​មិនចេះច្បាប់​ក៏នាំអោយរាស្ត្ររងទុក្ខ​ ។ ដូច្នេះ​សូម​ឯកឧត្តម​នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ មេត្តា​ពិនិត្យមើល​ ករណី​ លោក​ឧត្ដមសេនីយ៍​ត្រី​ ចាប​ សុផាឬទ្ធ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ និង​ នាយ​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ដែលកំពុង​បំពានច្បាប់​ និង​ រំលោភ​អំណាច​រដ្ឋបាល​ព្រៃឈើ​ផង​ ។

យេីងខ្ញុំ​សូម​សំណូមពរ​ឲ្យ​លោកចៅក្រម​ និង​ លោក​ព្រះរាជ​អាជ្ញា​ មេត្តា​ពិចារណា​ដោះលែង​ និង​ លេីកលែង​ការចោទប្រកាន់​ ប្រជាពលរដ្ឋ​ទាំង​២នាក់​ នេះ​ និង​ សូម​ប្រគល់​វត្ថុតាង​បទល្មេីស​ព្រៃឈើ​ ជូនមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​បន្ត​តាមច្បាប់​ដោយ​អនុគ្រោះ​ ។

LEAVE A REPLY

Please enter your comment!
Please enter your name here