ពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាលអូឡាំពិក អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា ខេត្តព្រះវិហារ

0
14

ដោយ៖ មាន រតនា
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា ខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាស្ប៉េស្យាលអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តព្រះវិហារ ព្រមទាំងប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមានគ្រូបង្វឹកជាច្រើនរូបនៅ សាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះវិហារ។

លោកជំទាវ ចឹក ហេង ប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជាខេត្តព្រះវិហារ បានថ្លែងកោតសសើរដល់សមាជិកអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ជាពិសេសគណៈកម្មាធិការជាតិដែលបានរៀបចំបើកវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងពង្រីកសកម្មភាពកីឡាជនបញ្ញាខ្សោយ ពិការភាព មានឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡាដើម្បីសុខុមាលភាពពួកគាត់ ហើយលោកជំទាវសំណូមពរឲ្យមានការប្រកួតប្រជែងកីឡាស្ប៉េស្យាល់អូឡាំពិកនៅថ្នាក់ខេត្តផងដែរ។

ឯកឧត្តម សែម សុខា អនុប្រធានគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកកម្ពុជា មានប្រសាសន៍ពីគោលបំណងសំខាន់នៃការវគ្គបណ្តុះបណ្តាលនេះ គឺបង្កើនសមត្ថភាពបច្ចេកទេសដល់គ្រូបង្វឹកកីឡាស្ប៉េស្យាល់អូឡាំងពិក ឱ្យទទួលបានប្រសិទ្ធភាព និងរីកចម្រើនក្នុងវិស័យកីឡា លើកស្ទួយជនពិការ និងជនខ្សោយបញ្ញាឱ្យមានឱកាសចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ នេះបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ លើជីវភាពរបស់នៅរបស់បងប្អូនជនពិការ នៅទូទាំងប្រទេស។

សូមបញ្ជាក់ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបង្កើតអនុគណៈកម្មាធិការតាមរាជធានី ខេត្ត ចំនួន១៤ ក្នុងនោះ ខេត្តព្រះវិហារ មានគ្រូបង្វឹកសរុប២៥រូប ស្រី៤រូប មកពី០៣មន្ទីរ រួមមាន៖ មន្ទីរអប់រំយុវជន យុវជន និងកីឡា, មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាល ដែលផ្តោតលើបច្ចេកទេសកីឡាប៉ូលតង់ និងប៉ាល់ទាត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here