សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរលោក ស៊ូហ្គា យ៉ូស៉ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន

0
36

••••••••••••••••••••••••••••••••••••••
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរលោក ស៊ូហ្គា យ៉ូស៉ីដេ ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជប៉ុន។

ក្នុងលិខិតនេះសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «តាងនាមរាជ រដ្ឋាភិបាល និងប្រជាជនកម្ពុជាខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមសម្ដែង ការអបអរសាទរ យ៉ាងកក់ក្តៅបំផុត ក្នុងឱកាសដែលឯកឧត្តម ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មី របស់ជប៉ុន បន្ទាប់ពីទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតជាប្រធានដឹកនាំ គណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃទី១៤ កញ្ញា ២០២០»។

សម្តេចមានប្រសាសន៍បន្តថា ជ័យជម្នះយ៉ាងត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីការគាំទ្រយ៉ាងមុតមាំរបស់សមាជិកគណបក្ស LDP ក៏ដូចជាទំនុកចិត្តរបស់ប្រជាជនជប៉ុន ចំពោះទស្សនៈវិស័យគោលនយោបាយ និងភាពជាអ្នក ដឹកនាំរបស់លោក ស៊ូហ្គា យ៉ូស៉ីដេ ក្នុងការជម្នះឱ្យបាននូវវិបត្តិ កូពី៥-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា ការធានាឱ្យបាននូវអនាគតរបស់ប្រទេសជប៉ុនប្រកបដោយសន្តិភាព និងវិបុលភាព។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា សម្តេចត្រៀមខ្លួនធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ស៊ូហ្គា យ៉ូស៉ីដេ ក្នុងគោលបំណងបន្តពង្រឹង និងលើក កម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិជិតស្និទ្ធរវាងកម្ពុជា និងជប៉ុនបន្ថែមទៀត ដើម្បីផល ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here