រយៈពេល០៣ថ្ងៃ អំឡុងបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ភ្ញៀវទេសចរដើរកម្សាន្ត តាមគោលដៅទេសចរណ៍ក្នុងខេត្តព្រះវិហារ មានចំនួន ២៥,៩៣០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៥,៨១៩នាក់ និងភ្ញៀវបរទេសចំនួន ១១នាក់

0
34

ដោយ៖ មាន រតនា
ព្រះវិហារ៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានធ្វើដំណើរមកកម្សាន្តនៅតាមរមណីយដ្ឋាន និងសហគមន៍ជាគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះវិហារ ក្នុងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែកញ្ញា ឆ្នាំ២០២០ អំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ សរុបមានចំនួន ២៥,៩៣០នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៥,៨១៩នាក់ និងភ្ញៀវបរទេសចំនួន ១១នាក់ ។

សូមបញ្ជាក់ផងដែរថា បើទោះបីមានភ្លៀងធ្លាក់ជាច្រើនកន្លែងក្នុងភូមិសាស្រ្តខេត្តព្រះវិហារក៏ដោយ ប៉ុន្តែគោលដៅទេសចរណ៍ទាំងនៅតាមរមណីយដ្ឋាន និងសហគមន៍ភាគច្រើននៅតែមានភ្ញៀវទេសចរ ចូលមកលេងកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

នាឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ រដ្ឋបាលខេត្តព្រះវិហារ បានអនុវត្តដូចខាងក្រោម៖
– ការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។
– បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកាត់បន្ថយកាន់តែប្រសើរសម្រាប់ពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ។

– គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល វិធានការសុវត្ថិភាពទេសចរណ៍ ពិសេសការរំលឹកដាស់តឿន ជាប្រចាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានយកចិត្តទុកដាក់អនុវត្តន៍ នៅតាមគោលដៅទេសចរណ៍នានាបានកាន់តែល្អប្រសើរ ស្របតាមវិធានដែលបានដាក់ចេញ ក្នុងនោះការរៀបចំប្រដាប់វាស់កម្ដៅ អាល់កុលលាងដៃ ការណែនាំឲ្យពាក់ម៉ាស និងអនាម័យក្នុងបន្ទប់ទឹក ត្រូវបានអនុវត្តត្រឹមត្រូវភាគច្រើន ហើយការយល់ដឹង និងការចូលរួមអនុវត្តរបស់ភ្ញៀវទេសចរ ក៏មានភាពកាន់តែប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here