ចោរឃើញឡានរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចតចោលមិនដកសោ រួចលួចបើកបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើង នៅពោធិ៍សាត់

0
99

(ថ្ងៃទី 19 ខែកញ្ញា 2020 ម៉ោង 3:15 pm)

(ពោធិ៍សាត់)៖ នា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចក្នុងស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ចោរស្ទើរភ្លើង ឃើញរថយន្តរបស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះ បេសកកម្ម ចតចោលមិនដកសោ ចូលលួចរួចបើកមិនបានប៉ុន្មានគីឡូម៉ែត្រ ក៏កាច់ចង្កូតមិនទាន់ ទៅបុកប៉ារ៉ាស់ក្រឡាប់ផ្ងារជើងទៅមុខលែងរួច។

ជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនសង្ស័យ បានចូលលួចរថយន្ត១គ្រឿង ម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ONG 12-0014 ខណៈដែលរថយន្តនេះទើបត្រឡប់មកពីបើកចុះល្បាត ហើយបានចតទុកចោល ក្នុងស្នាក់ការដោយមិនបានដកសោចេញ។

ក្រោយពីចូលលួចរថយន្តបានសម្រេច លុះបើកមកដល់ផ្លូវកោង ចំណុចត្រដក់ពង ស្ថិតក្នុងភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក៏កាច់ចង្កូតមិនទាន់ ទៅបុកបង្គោលរបាំងផ្លូវ បណ្តាលឱ្យក្រឡាប់ធ្លាក់ចុះពីលើផ្លូវ ផ្ងារជើងទៅមុខលែងរួច ទាំងរថយន្ត និងជនសង្ស័យតែម្តង។ រថយន្តបានស្ទូចយកទៅរក្សាទុក នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ (រវៀង) ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here