អភិបាលខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បង្កា និងទប់ស្កាត់ជំនន់ទឹកភ្លៀង ដែលហក់ឡើងក្នុងកម្រិតប្រកាសអាសន្ន នៅក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង

0
8

(ពោធិ៍សាត់)៖ លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាយប់ថ្ងៃទី២០ ឈានចូលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានចុះពិនិត្យស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ចាប់ពីចំណុចមុខសាលាខេត្ត ដល់ផ្លូវបំបែកពោធិ៍វង្ស ស្ថិតក្នុងស្រុកកណ្តៀង និងបន្តចុះពិនិត្យនៅភូមិស្ទឹងតូច សង្កាត់រលាប និងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ដែលបច្ចុប្បន្នទឹកកំពុងហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះផងដែរ លោកម៉ៅ ធនិន បានថ្លែងថា ក្នុងនាមអាជ្ញាធរខេត្ត យើងបានត្រៀមរួចជាស្រេច នូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរ ប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ដែលកំពុងជន់ឡើងខ្លាំងនេះ សូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា។

សូមជម្រាបថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានពីការជះឥទ្ធិពលព្យុះថ្មីមួយទៀត ដែលមានឈ្មោះ នូល (NOUL) មកលើប្រទេសកម្ពុជា ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ និងមានជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តជាប់នឹងមាត់សមុទ្រ ដែលក្នុងនោះក៏មានខេត្តពោធិ៍សាត់យើងផងដែរ កំពុងយាយីពីជំនន់ទឹកភ្លៀង។ បន្ទាប់ពីបានធ្វើការសង្កេតតាមដាន លើស្ថានភាពអាកាសធាតុ រួចមកមន្ទីរធនធានទឹកខេត្ត បានប្រកាសឱ្យដឹងផងដែរថា មានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ និងស្ទឹងអារ៉ៃ មានកម្រិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ និងធ្វើឱ្យទឹកស្ទឹងពោធិ៍សាត់ មានសន្ទុះកើនឡើងជាបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ នៅក្នុងខេត្តពោធិ៍សាត់។ យោងតាមស្ថានភាពអាកាសធាតុខាងលើ សូមជម្រាបជូនដំណឹងដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត ពិសេសប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើតការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាព សម្រាប់ជន្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here