រដ្ឋាភិបាលហាមឃោសនាបោះឆ្នោតសមាជិកព្រឹទ្ធសភាក្នុងតំបន់មួយចំនួននៅភ្នំពេញ

67

រដ្ឋាភិបាលបានចេញសេចក្ដីណែនាំមិនឲ្យមានការប្រមូលផ្តុំ និងធ្វើក្បួនដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់​ដំណើរការយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសតាំង នីតិកាលទី៤ ឆ្នាំ២០១៨ ខាងមុខនេះ។

រដ្ឋបាលសាលារាជធានីភ្នំពេញបានចេញសេចក្ដីណែនាំមួយចុះថ្ងៃទី ២៤ ខែមករា ដោយ​ពុំអនុញ្ញាតឲ្យ​មានការ​ប្រមូល​ផ្តុំ និង​ធ្វើ​ក្បួន​ដង្ហែ តាមតំបន់សំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ សម្រាប់យុទ្ធនាការ ឃោសនា​បោះ​ឆ្នោត ជ្រើសតាំងសមាជិក​ព្រឹទ្ធ​សភា នីតិកាលទី៤ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១០ រហូតដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។

ក្នុងសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញជម្រាបទៅប្រធានគណៈកម្មការរៀបចំការបោះឆ្នោត រាជធានី​ភ្នំពេញលោក លុន ឆេងកៃបានឲ្យដឹងថា ធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តប់ធ្នាប់សាធារណៈ ជូនគណបក្ស​នយោបាយ​ទាំងអស់ ដើម្បី​បញ្ជៀស ការកកស្ទះចរាចរ ដែលរំខានដល់ការធ្វើដំណើរ របស់ពលរដ្ឋ ក៏ដូចជា​ភ្ញៀវជាតិ-អន្តរជាតិ។

រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថាការហាមឃាត់ការប្រមូលផ្តុំ ដង្ហែក្បួនឃោសនានេះធ្វើឡើងនៅលើផ្លូវ និង​ទីតាំងសាធារណៈ​មួយចំនួនដូចជា តាមមហាវិថីព្រះនរោត្តម ចាប់ពីវិមានឯករាជ្យ ដល់ស្តុបមន្ទីរពេទ្យព្រះអង្គឌួង មហាវិថីសហព័ន្ធរុស្ស៊ី កំណាត់​មហាវិថីព្រះមុន្នីវង្ស ចាប់ពីស្តុប បេ កា សេ ដល់ស្តុបអតីតមន្ទីរពេទ្យចិន។

កំណាត់មហាវិថីព្រះសីហនុ ចាប់ពីនាគបាញ់ទឹក វិថីសុធារស ដល់ស្តុបអតីតមន្ទីរពេទ្យចិន កំណាត់ផ្លូវមហាវិថីម៉ៅ សេទុង ចាប់​ពី​ស្តុបចេនឡា ដល់ស្តុបទេពផន កំណាត់វិថីសុធារស ចាប់ពីកែងផ្លូវលេខ ១៥៤ ដល់មហាវិថីព្រះ​សីហនុ មហាវិថីព្រះសុរាម្រិត និងផ្លូវជុំវិញ ព្រះបរមរាជវាំង កំណាត់ផ្លូវលេខ ២៤០-ផ្លូវលេខ ១៨៤ និងផ្លូវលេខ ២៩។

សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងថាការហាមឃាតនឹងធ្វើឡើងនៅទីប្រជុំជនមួយចំនួន ដូចជា ផ្លូវជុំវិញផ្សារធំថ្មី ផ្លូវជុំវិញផ្សារ​អូរឬស្សី ផ្លូវជុំវិញផ្សារទួលទំពូង ផ្លូវជុំវិញផ្សារដេប៉ូ និងផ្លូវជុំវិញផ្សារដើមគរ។

ចំពោះទីសាធារណៈ ដែលត្រូវចៀសវាងក្នុងការប្រមូលផ្តុំឃោសនាមានដូចជា សួនព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្ត​បទុមវតី (តែអនុញ្ញាតជូនៅទីវាលការីឡា ចុងខាងត្បូងសួនវត្តបទុមវតី) ទីតាំងវិមានឯករាជ្យ និង​សួនច្បារ វិមានឯករាជ្យ​ទាំង​មូល ទីធ្លាររូបសំណាកលោយាយពេញ និង សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ៕