សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំប្រគល់ខ្នងផ្ទះទី១៧០ជូនអតីតយុទ្ធពិការនៅស្រុកសណ្តាន់

0
11

ខេត្តកំពង់ធំ៖ លោកនាយចំណង់ នូ លី ជាអតីតយុទ្ធពិការ ស្រុកសណ្តាន់ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះ លើកទី១៧០ សម្រាប់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា តាមរយះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ។
ពិធីប្រគល់ផ្ទះលើកទី១៧០ ជូនដល់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវបានចុះប្រគល់ផ្ទាល់ជូនលោក នូ លី អាយុ ៦៣ឆ្នាំ រស់នៅភូមិសំរិទ្ធ ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ពីឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយ លោកប្រធាន អនុប្រធាន សមាគមអតីតយុទ្ធជន ស្រុកសណ្តាន់ រួមជាមួយអជ្ញាធរដែនដី នៅព្រឹកថ្ងៃពុធទី២៣ ខែកញ្ញា ឆ្នាំ២០២០។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឲ្យដឹងផងដែរថា លោក នូ លី ជាអតីតយុទ្ធជនពិការក្នុងសម័យសង្រ្គាម អតីតបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៨ នៅអង្គភាពវរសេនាតូចលេខ៣ នៃយោធាខេត្តកំពង់ធំ ត្រូវរបួសពិការនៅឆ្នាំ១៩៩២ នៅសមរភូមិឃុំនិពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ចំណែកភរិយា ទទួលមរណៈភាព បន្សល់កូន៤នាក់នៅបន្ទុក ពេលនេះបានទទួលផ្ទះថ្មី សាងសង់ពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំង និងរនាបក្រាលក្តារ ជណ្ដើរកាច់ ទំហំ៤ម៉ែត្រx ៦ម៉ែត្រ ។
ពិធីប្រគល់ផ្ទះថ្មី ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាននាំយកអំណោយឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានអង្ករ៥០ គីឡូក្រាម មីពីរកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ មុងជ្រលក់ថ្នាំមួយ និងថវិកាមួយចំនួនទៀត ក្នុងនោះក៏បាន ជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋទីទ័លក្រ ៤គ្រួសារ មួយគ្រួសារ អង្ករ២៥ គ.ក មីមួយកេស ទឹកត្រីទឹកស៊ីអ៊ីវពីរយួរ មុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួនទៀតផងដែរ ។
ឧត្តមសេនីយ៍ទោសោម ស៊ុន ក៍បានពាំនាំការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌឹតប៊ុន រ៉ានីហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និង ជីវភាព រស់នៅរបស់បងប្អូនអតីយុទ្ឋជននិង ប្រជាជន គ្រប់ទិសទី ក្នុងនោះបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការ ប្រុងប្រយ័ត្ន ការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ និងត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ៕
ដោយ ប៊ុន រដ្ឋា

LEAVE A REPLY

Please enter your comment!
Please enter your name here