ប្រជាពលរដ្ឋ៣១៨គ្រួសារ នៅភូមិធម្មជាតិ ស្រុកជាំក្សាន្ត បានចាប់ឆ្នោតទទួលដីកសិកម្មជំហ៊ានទី៥ ពីរដ្ឋបាលខេត្តព្រះវិហារ

0
5

ដោយ៖ មាន រតនា
ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន ៣១៨គ្រួសារ ក្នុងចំណោម ១០៤៥គ្រួសារ ដែលក្នុងដោយក្នុងមួយគ្រួសារទទួលបានដីទំហំ ២ហិកតា រស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍កសិកម្មជំហ៊ានទី៥ ដែលជាដីសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ជូន តាមរយៈអាជ្ញាធរខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអជ្ញាធរមូលជាច្រើនរូបផងដែរ។

ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងថា ដីឡូតិ៍កសិកម្មដែលប្រគល់ជូនប្រជាពលរដ្ឋនៅពេលនេះ គឺផ្តើមចេញពីអនុក្រឹត្យលេខ ០២អនក្រ.បក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ ស្តីពីការកំណត់តំបន់សហគមន៍ ស្ថិតក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព លើផ្ទៃដីចំនួន៥,០០០ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំយាង និងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តមបញ្ជាក់ថា៖ ខេត្តព្រះវិហារទទួលបានអនុក្រឹត្យកំណត់តំបន់សហគមន៍ក្នុងឆ្នាំ២០១៦ ក្នុងអាណត្តិអភិបាលខេត្តមុនៗ។ ដោយឡែកក្នុងឆ្នាំ២០២០ក្នុងអាណត្តិ របស់ឯកឧត្តមជាអភិបាលខេត្ត បានចាត់តាំងក្រុមការងារគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្ត រៀបចំផ្តល់ដីសម្បទានសង្គមកិច្ច (ដីកសិកម្ម) ជូនប្រជាពលរដ្ឋ ចំនួន១០៤៥គ្រួសារ ដែលបានទទួលដីលំនៅដ្ឋានក្នុងភូមិធម្មជាតិរួចហើយ។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាព នៃការកាន់កាប់ដីធ្លីរបស់ខ្លួន ហើយបាតុភាពរំលោភបំពាន លើដីធ្លីដែលធ្លាប់ជួបប្រទះនៅពេលមុនៗ នឹងត្រូវបានបញ្ចប់ជាស្ថាពរ។ ទន្ទឹមនេះប្រជាពលរដ្ឋដែលទទួលបានដីកសិកម្ម២ហិកតានេះ មានសិទ្ធប្រើប្រាស់អាស្រ័យផលផ្តាច់មុខ និងទូលំទូលាយដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់ ហើយត្រូវប្រើប្រាស់ដីនេះដាំដំណាំផ្សេងៗជាបន្តបន្ទាប់ឱ្យគ្រប់រយៈពេល ៥ឆ្នាំទើបអាចមានសិទ្ធយកដីនេះទៅលក់ដូរ ជួល ផ្ទេរ ឫបញ្ចាំធានាគារបាន។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានណែនាំឱ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធិភាព និងមានមនសិការទទួលខុសត្រូវខ្ពស់ ការពារកុំឱ្យមានការចូលកាន់កាប់ទន្ទ្រានដីរដ្ឋ បោះបង្គោលលើដីរដ្ឋថ្មីៗ ត្រូវហាមឃាត់ ជាដាច់ខាត ដើម្បីថែរក្សាទ្រព្យសម្បត្តិធម្មជាតិរបស់ប្រទេសជាតិឱ្យមានចីរភាពតជំនាន់ទៅអនាគត។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងនូវការកោតសរសើរ ដល់ក្រុមការងារនៃគណៈកម្មាធិការបែងចែក និងប្រើប្រាស់ដីខេត្តដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយស្មាតីលះបង់ខ្ពស់ ក្នុងការរៀបចំកិច្ចដំណើរការនៃការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ទៅតាមជំហ៊ានការងាររួមមាន៖ ការរៀបចំធ្វើផ្លូវ ទទឹង៣០ម៉ែត្រ និងផ្លូវទទឹង១៥ម៉ែត្រ រៀបចំបោះបង្គោលព្រំដីកសិកម្ម រៀបចំផ្ទៀងផ្ទាត់មុខសញ្ញាអ្នកទទួលដីសរុបចំនួន១០៤៥គ្រួសារ រៀបចំធ្វើពិធីចាប់ឆ្នោតប្រគល់ដីឡូតិ៍កសិកម្មចំនួន៣១៥ឡូតិ៍ ចំពោះបងប្អូនដែលមិនទាន់ទទួលបាននៅថ្ងៃនេះ និងបានទទួលនៅថ្ងៃក្រោយជាបន្តបន្ទាប់ទៀត។

ឯកឧត្តម ប្រាក់ សុវណ្ណ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវថែរក្សាអនាម័យស្អាតជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស ឬក្រមានៅពេលយើងនៅតំបន់មានមនុស្សច្រើន និងរក្សាគម្លាតឆ្ងាយពីគ្នាយ៉ាងតិច១ម៉ែត្រកន្លះ ដើម្បីចៀសផុតអំពីជំងឺកូវីដ-១៩ និងជំងឺនានាផងដែរ លើសពីនេេះទៅទៀតសូមបងប្អូន ប្រយ័ត្ន នៅពេលមានភ្លៀង ផ្គររន្ទះ ខ្យល់កន្ត្រាក់ សូមមេត្តាបិទទូរស័ព្ទ កុំនៅទីវាល កុំនៅជ្រកក្រោមដើមឈើ ត្រូវរត់មកនៅក្នុងផ្ទះ និងទីកន្លែងសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here