ចូលលួចត្រីគេក្នុងស្រះ ភ្លាត់ស្នៀតត្រូវម្ចាស់ស្រះតខ្សែភ្លើងតាមរបង បណ្តាលឱ្យឆក់ស្លាប់ នៅស្រុកក្រគរ

0
10

(ពោធិ៍សាត់)៖ បុរសម្នាក់ដោយសារតែអត់ឃ្លាន បានចូលលួចត្រីគេក្នុងស្រះ តែចៃដន់ភ្លាត់ស្នៀត ត្រូវម្ចាស់ស្រះតខ្សែភ្លើងតាមរបង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធម។

ករណីមនុស្សឃាតដោយអចេតនា បានកើតឡើងនៅវេលាម៉ោងប្រហែល២ និង០០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពីភ្នាក់ងារ យើងប្រចាំខេត្តពោធ៌សាត់ បានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ លី សុភា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទទឹង ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានចូលលួចត្រី ក្នុងស្រះចិញ្ចឹមត្រី របស់ឈ្មោះ លី សុង ភេទប្រុស អាយុ៥៦ឆ្នាំ ជនខ្មែរ រស់នៅភូមិឃុំកើតហេតុ។ ពេលកំពុងតែប្រតិបត្តិការចូលលួច ក៏ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ស្រះតតាមរបង បណ្តាលឱ្យឆក់ស្លាប់តែម្តង។

យោងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យជំនាញ និងប៉ូលីស បច្ចេកទេសខេត្ត បញ្ជាក់ថាជនរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យឃាត់ ជាម្ចាស់ស្រះ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ស្រុកក្រគរ តាមបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

LEAVE A REPLY

Please enter your comment!
Please enter your name here