កូនឈើប្រណិត១០០០ដើម ត្រូវបានដាំនៅតាមដងផ្លូវជាតិលេខ ៦២ ក្នុងស្រុកប្រាសាទបល្ល័ង្ក។

0
12

(រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក)៖ នៅក្នុងពិធីសំណេះសំណាល បើកយុទ្ធនាការដាំកូនឈើប្រណិត ចំនួន១០០០ដើម នៅដងផ្លូវជាតិលេខ ៦២ ដែលមានអ្នកចូលរួមប្រមាណជាង៥០០នាក់ ក្នុងនោះមាន មន្ត្រីរាជការ កងកម្លាំងអង្គភាពទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋព្រមទាំងប្រជាការពារនៅតាមភូមិ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានថ្លែងថា កូនឈើប្រណិតទាំងនេះ រួមមាន៖ ក្រញូង ធ្នង់ និងគីនីន ដែលបានមកពីការឧបត្ថម្ភរបស់ក្រសួងបរិស្ថាន កូនឈើប្រណិត ទាំង១០០០ដើមនេះ នឹងត្រូវដាំនៅតាមសងខាងផ្លូវ ក្នុងស្រុកប្រាសាទបល្ល័ង្ក នៅតាមដងផ្លូវជាតិលេខ ៦២ ចាប់ពីភូមិ ខ្វានទៀង រហូតមកដល់ ភូមិម្រាក ចាប់ពីភូមិ សាលាវិស័យ រហូតដល់ ភូមិខ្មាក់។

លោក វណ្ណៈសោភានិត បានជម្រុញដល់ការិយាល័យ អង្គភាពទាំងអស់ ដែលទទួលបានកូនឈើនៅ ព្រឹកនេះ ត្រូវយកទៅដាំតាមទីតាំងដែលរដ្ឋបាលស្រុក បានរៀបចំ ហើយត្រូវខិតខំដាំកូនឈើ ទាំងនេះ ឱ្យអស់ ដាំឱ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស ហើយបន្ទាប់ពីដាំរួចត្រូវទទួលខុសត្រូវធ្វើស៊ុការពារ និងថែទាំកូនឈើទាំងអស់ដែល ការិយាល័យ អង្គភាពរបស់ខ្លួនបានដាំដោយខ្លួនឯងឯង រហូតដល់កូនឈើ ដុះលូតលាស់ ធំធាត់។ ប្រសិនបើកូនឈើដែលបានដាំហើយមានការខូចខាត ឬបាត់បង់ ដោយ ប្រការណាមួយនោះ ត្រូវរាយការណ៍មករដ្ឋបាលស្រុក ហើយត្រូវយកកូនឈើ ទៅដាំជួស ពោលមិនត្រូវ ទុក ឱ្យរណ្ដៅដែលខូចនោះនៅទំនេរ ដោយមិនមានការដាំថ្មីជំនួសនោះឡើយ។ ម្យ៉ាងទៀតលោកអភិបាលបានបន្តថា ប្រជាពលរដ្ឋគ្រប់រូប សូមចូលរួមដាំដើមឈើ ថែរក្សាដើមឈើ និងសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីស្រុកយើង មានទេសភាពបៃតងស្រស់បំព្រង។ លោកបន្តថា ដើមឈើមាន សារសំខាន់ណាស់ ចំពោះជីវិត មនុស្សសត្វ និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសជារបាំងខ្យល់ របាំងទឹកជំនន់ និងនាំមកនូវទឹកភ្លៀងសំរាប់បង្កបង្កើនផល ចិញ្ចឹមជីវិតមនុស្សលោក។ ហេតុដូចនេះហើយ យើងទាំងអស់គ្នា ដែលជាអ្នកទទួលប្រយោជន៍ពីដើមឈើនេះ គប្បីចូលរួមដាំថែរក្សាការពារ និងស្រឡាញ់ដើមឈើ និងបរិស្ថានធម្មជាតិឲ្យបាន គ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ខ្លូនយើងផ្ទាល់ ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវស្រឡាញ់ដើមឈើ ស្រឡាញ់បរិស្ថាន រួមគ្នាដាំដើមឈើ ដើម្បី អនាគត ប្រទេសជាតិយើង ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ ហើយការដាំកូនឈើ នៅថ្ងៃនេះ ទុកជាមរតកសម្រាប់ កូនចៅ យើង ជំនាន់ក្រោយបានដឹង និងបានស្គាល់ ប្រភេទឈើប្រណិតទាំងអស់នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here