ប្តីកំណាចប្រើហិង្សាលើប្រពន្ធ បណ្ដាលឲ្យរបួសទ្រោមខ្លួន នៅស្រុកជាំក្សាន្ត ត្រូវសមត្ថកិច្ចវាយខ្នោះបញ្ជូនឡេីងតុលាការ

0
24

(ព្រះវិហារ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីរូបគេបានប្រើអំពើហិង្សាយ៉ាងឃោរឃៅទៅលើប្រពន្ធខ្លួនឯង បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងដំណំលេីផ្ទៃមុខ និងស្ទេីរពេញខ្លួនប្រាណ។

លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឲ្យដឹងនាល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះថា ជនសង្ស័យជាប្តីដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ នាង សុជា អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ តេង ម៉ៅ អាយុ៤០ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

លោកអធិការស្រុកបានបញ្ជាក់ទៀតថា ហេតុការណ៍ហិង្សានេះបានកេីតឡេីងនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ដោយជនសង្ស័យជាប្តីបានទាត់ធាក់ ថែមទាំងវាយនឹងខ្សែភ្លើង យ៉ាងឃោរឃៅទៅលើប្រពន្ធ បណ្តាលឲ្យហើមពេញមុខ មាត់ និងរលាត់ស្បែកបែកឈាមឆ្នូតៗ ឃេីញហេីយគួរឲ្យអាណិតអាសូរ។ លោកថា ក្រោមបញ្ជាពីលោកស្នងការឧត្តមសេនីយ៍ទោ សួស សុខដារ៉ា កម្លាំងនគរបាលរបស់លោកបានចុះទៅអន្តរាគមន៍ភ្លាមៗ រហូតឃាត់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់។

លោកអធិការបានអះអាងថា ដេីមចមដែលបណ្ដាលឲ្យអំពេីហិង្សានេះ កេីតឡេីង គឺដោយសារភ្លេីងប្រច័ណ្ឌដុតរោលពេញចិត្ត ខ្វះសតិគិតពិចារណាត្រឹមត្រូវ។

ក្រោយទទួលបានពាក្សបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនជនសង្ស័យជាប្តី និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here