ក្រសួងមហាផ្ទៃ បន្ដកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន

0
7

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ បន្តកិច្ចប្រជុំពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មានក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ និង អង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «កិច្ចប្រជុំពិភាក្សាទៅលើសេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន នាពេលនេះដើម្បីប្រមូលធាតុចូលបន្ថែមដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានភាពសុក្រិត្យ។

ឯកឧត្តមបន្តថា ដោយសារតែវិស័យបច្ចេកវិទ្យាមានការរីករចំរើន ក្នុងនោះក៏មានបទល្មើសឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យាកើនឡើង ដូច្នេះហើយដោយសារតែមានការព្រួយបារម្ភពីបទល្មើសបច្ចេកវិទ្យានេះកើតឡើងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដូច្នេះហើយទើបក្រសួងមហាផ្ទៃ បានរៀបចំនៅសេចក្តីព្រាងច្បាប់នេះឡើង។

ឯកឧត្តម ប៊ុន ហុន ក៏បាលលើកឡើងដែរថា សេចក្តីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាន ត្រូវបានតាក់តែងក្នុងឆ្នាំ២០១៦ ហើយបានជួបប្រជុំពិភាក្សាជាបន្តបន្ទាប់ចំនួន៦៧លើករួចមកហើយ ដោយមានទាំងប្រជុំអន្តរក្រសួង ប្រជុំជាមួយនាយកដ្ឋានជំនាញរបស់ក្រសួងមហាផ្ទៃ ព្រមទាំងមានជំនួយឧបត្ថមបច្ចេកទេសពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំនាថ្ងៃនេះ តំណាងក្រសួងស្ថាប័ន្ធពាក់ព័ន្ធ នឹងជួយផ្តល់យោបល់ ព្រមទាំងផ្តល់ធាតុចូលបន្ថែមទៀតដើម្បីរៀបចំឱ្យសេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះបានកាន់តែមានភាពសុក្រិត្យឡើង។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្ដីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានគោលបំណងធានា សុច្ចរិតភាព នៃការប្រើប្រាស់ ការគ្រប់គ្រងប្រព័ន្ធកុំព្យូទ័រ ទិន្នន័យកុំព្យូទ័រ និងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការការពារសិទ្ធិសេរីភាពបុគ្គល ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាប បទល្មើស បច្ចេកវិទ្យាព័ត៌មាន។

ជាងនេះទៅទៀត ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះបទល្មើសបច្ចេកវិទ្យាព័ត៌មានដែ លប្រព្រឹត្តនៅក្នុង ឬក្រៅព្រះរាជាណាចក្រកម្ពុជា ហើយដែលអំពើនោះធ្វើឲ្យប៉ះពាល់ដល់រូបវន្តបុគ្គល នីតិបុគ្គល សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឬផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពី បទល្មើសបច្ចេកវិទ្យាព័ត៌មាននេះមាន ៨ជំពូក និង៥០មាត្រា ហើយក្រុម ការងារបាននិងកំពុងតែប្រមូលធាតុផ្សំផ្សេងៗ ដែលពាក់ព័ន្ធ ដើម្បីដាក់ចូលទៅក្នុងសេចក្តីព្រាងច្បាប់នេះ ហើយខ្លឹមសារនៅក្នុងច្បាប់នេះ ក៏មានចែងអំពីការផ្ដន្ទាទោសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here