រដ្ឋបាលខេត្តកណ្តាល រៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត

0
9

កណ្ដាល)::រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានរាយការណ៍ នៅលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ ២០២០ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល សម្រេចបានក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០ កន្លងទៅនេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានកោតសរសើរចំពោះលទ្ធផលដែលបានសម្រេចកន្លងមក ដែលនេះបានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រុមការងារថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធគ្រប់កម្រិតថ្នាក់ ក្នុងគោលដៅនៃការជំរុញលើកស្ទួយកំណើនសេដ្ឋកិច្ច ការបង្កើនប្រាក់ចំណូលរបស់ប្រជាជន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលជាការរួមចំណែកយ៉ាងសកម្មជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់រដ្ឋបាលខេត្តកណ្ដាល ឲ្យបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ពិសេស ផ្ដល់ភាពអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដែលជាវិស័យចំបងរបស់ខេត្ត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានស្នើឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង-ស្រុកឃុំ-សង្កាត់ រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត បន្តយកចិត្តទុកដាក់ជំរុញការអនុវត្តនូវវិធានការ ផ្សព្វផ្សាយអំពីការថែទាំអនាម័យ ការរក្សាគម្លាតសង្គម និងបុគ្គល ព្រមទាំងអនុវត្តការងារ និងពង្រឹងយន្តការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើងវិញនៅលើលោកទី២។ បន្តចុះជួយឧបត្ថម្ភថវិកា ស្បៀង និងសំភារៈបង្ការ ដូចជាសាប៊ូ អាកុល និងម៉ាស់ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងប្រជាពលរដ្ឋក្រីក្រ(ក្រ១ និងក្រ២)។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដោយបន្តជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយ <ភូមិ-ឃុំមានសុវត្ថិភាព> ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមមូលដ្ឋានរីករាយខ្លួន។ ត្រូវបន្តលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ ពិសេសសុវត្ថិភាពចរាចរណ៍ផ្លូវគោកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here