អាជ្ញាធរជាតិសំបូរព្រៃគុក អំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ

0
15

(កំពង់ធំ)៖ លោក ហេង ថាន អគ្គនាយករងអាជ្ញាធរជាតិសំបូរព្រៃគុកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ប្រាសាទសំបូរព្រៃគុកចូលរួមអនុវត្តច្បាប់ទាំងអស់គ្នាដើម្បីផលប្រយោជន៍ជាតិ ។
លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការ«ច្បាប់កិច្ចការពារបេតិកភណ្ឌ»នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដែលរៀបចំដោយនាយកដ្ឋានសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិសំបូរព្រៃគុក នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល។ ដោយមានការចូលរួមពីអាជ្ញាធរស្រុក នគរបាលបេតិកភណ្ឌ និងប្រជាពលរដ្ឋជាអាជីវករជាង១០០នាក់ ។
លោកបានបន្តថាសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនិងណែនាំដល់ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានដែលរស់នៅក្នុងតំបន់នោះបានដឹងពីបទដ្ឋានគតិយុត្តនានានិងស្វែងយល់ពីកិច្ចការពារក្នុងការចូលរួមថែរក្សាបេតិកភណ្ឌវប្បធម៌ដែលជាកេរ្តិ៍តំណែលរបស់ដូនតា។
លោកបានបន្តថាអាជ្ញាធរជាតិសំបូរព្រៃគុកមានភារកិច្ចការពារអភិរក្សនិងថែរក្សាស្លាកស្នាមរចនាសម្ព័ន្ធដែនដីក្រុងបុរាណប្រាសាទ ទំនៀមទម្លាប់ប្រពៃណី បែបបទនៃការរស់នៅរបស់ប្រជាជន និងទម្រង់សំណង់ផ្សេងៗ នៅក្នុងតំបន់ការពាររមណីយដ្ឋានសំបូរព្រៃគុកឲ្យបានគង់វង្សហើយការការពារនិងអភិវឌ្ឍន៍ក្នុងដែនការពាររមណីយដ្ឋាន សំបូរព្រៃគុកគឺធ្វើយ៉ាងណា ផ្អែកសំខាន់បីមានមនុស្ស មរតកវប្បធម៌ និងធម្មជាតិនូវសុខដុមរម្យនា និងតុល្យភាពគ្នា ដើម្បីមានការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស៊ុន វុឌ្ឍី ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់បានស្នើឲ្យអ្នបកចូលរួមទាំងអស់យកទៅផ្សព្វផ្សាយ ដើម្បីផ្ដល់ការយល់ដឹងដល់កងកម្លាំងនគរបាលការពារបេតិកភណ្ឌប្រចាំរមណីដ្ឋានដែលឈរជើងការពារនិងដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋជាអាជីវកររស់នៅក្នុងតំបន់ទាំងបីឲ្យយល់ដឹងអំពីច្បាប់នៃកិច្ចការពារបេតិកភណ្ឌច្បាប់ការពារបេតិកភណ្ឌដែលបានតាក់តែងឡើង។ក្នុងនោះលោកក៏បានអំពាវនាវដល់ក្រុមអាជីវករដែលមានផលប៉ះពាល់នៅក្នុងតំបន់នេះទាំងអស់ចូលរួមបើយើងមិនមានពួកគាត់ចូលរួមចំណែកទេទោះបីកងកម្លាំងទាំងអស់ការពារយ៉ាងម៉េចក៏អត់ទៅរួចហើយអញ្ចឹងទាល់តែគាត់ចូលរួមចំណែកគាត់ជួយផ្សព្វផ្សាយនូវអ្វីដែលច្បាប់បានកំណត់។
លោកបានលើកឡើងថាភូមិដែលស្ថិតនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកមាន១៣ភូមិគឺឃុំសំបូរមាន ភូមិសំបូរ
ភូមិកំពង់ឈើទាល ភូមិសំរិត ភូមិអូគ្រូកែ ភូមិអាត់ស៊ូ ភូមិពោទ្រេត ភូមិជាយសំពៅ ភូមិតាធាវ ឃុំជ័យ មានភូមិជ័យ ឃុំតាំងក្រសៅ មានភូមិកំពង់ឈើទាល ឃុំសាលាវិស័យ មានភូមិដងអន្ទាក់ ភូមិចំណារ និងបុសស្រមោច។
គួរបញ្ជាក់ថា ប្រាសាទសម្បូរព្រៃគុកជាប្រាសាទរបស់ខ្មែរត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី៤១ នៅទីក្រុង Krakow ប្រទេសប៉ូឡូញថ្ងៃទី៨ ខែ កក្កដា ២០១៧។ ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ បត់ស្តាំតាមផ្លូវកូនត្នោតហើយប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថាឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

LEAVE A REPLY

Please enter your comment!
Please enter your name here