សូម ប្រយ័ត្ន ពី ថ្ងៃទី ៣០ ខែ កញ្ញា ដល់ ថ្ងៃទី ០៦ ខែ តុលា ភ្លៀង បន្តធ្លាក់ រាយប៉ាយ រួមទាំង បាតុភូត ផ្គររន្ទះ ខ្យល់ កន្ត្រាក់ និង រលកសមុទ្រ ខ្ពស់ៗ

0
6

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែកញ្ញានេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

ក្រសួង បានឱ្យដឹងថា តាមរយៈការតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាព អាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C។ នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នឹងអាចមានភ្លៀង ធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនឹងបង្កើន ការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្ដាខេត្តនៅភាគពាយ័ព្យ។

២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និងសីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ បណ្ដាខេត្តទៅតំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C។ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកភ្លៀងនឹងបន្ត បង្កើនការធ្លាក់ក្នុងកម្រិតពីបង្គរទៅច្រើន។

ក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់នៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្ដាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្ដាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្ដាខេត្តជាប់ជួរភ្នំក្រវាញ។

សម្រាប់អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៦ ខែតុលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here