ផឹកស្រាស្រវឹង រួចទៅដេកលើផ្លូវរទេះភ្លើង កិនដាច់ដៃជើង បណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

0
14

ភ្នំពេញ: កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរទៅធ្វើការ ប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពដាច់ដៃដាច់ជើង នៅលើផ្លូវរថភ្លើង ស្ថិនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយសារតែគាត់ផឹកស្រាស្រវឹងរួច ទៅដេកនៅលើផ្លូវដែកនោះ។

បុរសនេះ ឈ្មោះ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះ ល្វែងអូរដឹម មានទីលំនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងមានស្រុកកំណើតនៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

កាលពីវេលាយប់ថ្ងៃទី២៨ ខែកញ្ញាពួកគាត់បានឃើញបុរសនេះ ដើរតាមផ្លូវជាតិលេខ៤ ក្នុងស្ថានភាពស្រវឹងពីទិសខាងកើតឆ្ពោះទៅលិច បន្ទាប់មកទៅអង្គុយនៅលើផ្លូវដែកនោះ ហើយក្រោយមកមិនបានចាប់អារម្មណ៍ថា គាត់ដេកនៅទីនោះឬបែបណាទេ ។ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញាទើបត្រូវបានកម្មករ១ក្រុម ដែលធ្វើដំណើរទៅធ្វើការរោងចក្រ ប្រទះឃើញសាកសពបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ប៉ុន្តែកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា មានរថភ្លើង១ខ្សែ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់វេលាម៉ោងជា៥ព្រឹកថ្ងៃដដែលមានរថភ្លើងដឹកប្រេង១ខ្សែទៀត បើកបរធ្វើដំណើរពីទិសដដែលនេះចូលភ្នំពេញ តែពុំដឹងថារថភ្លើងមុនឬក្រោយទេដែលកិនជនរងគ្រោះស្លាប់នោះ។

កម្មករសំណង់ម្នាក់បាននិយាយថា មេការបានឲ្យឈប់សម្រាក១ថ្ងៃ ព្រោះតែភ្លៀងធ្វើការមិនកើតហើយពេលនោះកម្មករមួយចំនួន បាននាំគ្នាទៅផ្ទះនិងមួយចំនួនទៀតសម្រាក នៅក្នុងការដ្ឋានសំណង់ ចំណែកជនរងគ្រោះ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ។ ក្រោយមកក៏បានដើរចេញពីការដ្ឋានសំណង់ ហើយក៏បានបាត់ខ្លួនរហូតដល់ព្រឹកឡើង ទើបប្រទះឃើញសាកសពបែបនេះតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here