អាជ្ញាធរក្រុងស្ទឹងសែនអំពាវនាវដល់ប្រជាពលរដ្ឋជួយថែរក្សាប្រព័ន្ធលូរដោះទឹក និងទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ

0
16

កំពង់ធំ៖ ដើម្បីថែរក្សាប្រព័ន្ធផ្លូវ និងការពារសុខភាពប្រជាពលរដ្ឋនៅរដូវភ្លៀងធ្លាក់ អាជ្ញាធរក្រុងស្ទឹងសែន ស្តារប្រឡាយរំដោះទឹកភ្លៀងប្រវែងជិត៤០០ម៉ែត្រ និងអំពាវដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធជួយថែរក្សា ប្រព័ន្ធលូរំដោះទឹកភ្លៀង ជាពិសេសទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ នៅតាមសហគមន៍រៀងៗខ្លួន។
នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ដឹកនាំសហការីចុះស្តារប្រឡាយរំដោះទឹកភ្លៀងជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរលោក លើកឡើងថា ទឹកដែលកកស្ទះទាំងអស់នេះ គឺដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានភ្លៀងធ្លាក់ច្រើន នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្របពេលដែលប្រជាពលរដ្ឋនៅក្នុងក្រុងធ្វើសំណង់ថ្មីៗក្នុងឆ្នាំនេះ រួមផ្សំជាមួយការចាក់ដីរបស់ប្រជាពលរដ្ឋខ្ពស់ជាងផ្លូវ លប់ប្រព័ន្ធលូ ការស្នើរសុំរៀបចំដាក់ប្រព័ន្ធលូរំដោះ ទឹកភ្លៀងរបស់បងប្អូនប្រជាពលរដ្ឋភ្ជាប់ពីផ្លូវកាន់មុខផ្ទះរបស់ខ្លួនមិនមានភាពស្មើរគ្នា និងមានភាពតូចចង្អៀត ដែលមិនគ្រប់គ្រាន់ដើម្បីលំហូរបរិមាណទឹកភ្លៀងចេញពីភូមិដ្ឋាន ជាពិសេសការបោះចោលកាកសំណល់ មិនត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋធ្វើឲ្យកកស្ទះមាត់លូផងដែរ។ ដូច្នេះតម្រូវឲ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ចៅសង្កាត់គ្រប់រូប មេត្តាជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់ លើការថែរក្សា ប្រព័ន្ធលូ និងទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវទាំងនៅក្នុងផ្ទះ កន្លែងសាធារណៈជាដើម។ លោកអភិបាល បន្តថា ដើម្បីឲ្យការងារទាំងអស់នេះ កាន់តែមានប្រសិទ្ធភាព សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តគោរពច្បាប់ រាល់ពេលធ្វើសំណង់ ធ្វើរបង ចាក់ដីផងដែរ។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋនៅក្នុងសង្កាត់អាចារ្យលាក់សម្តែងនូវសេចក្តីសោមនស្ស សប្បាយ រីករាយ និងអគុណនូវការយកចិត្តទុករបស់អាជ្ញាធរ ក្នុងការជួយថែទាំសុខភាពរបស់ពួកគាត់ ដែលចម្លងដោយ ទឹកមិនស្អាត តាមរយៈមូល និងភា្នក់ចម្លងផ្សេងៗទៀតដែលរស់នៅក្នុងទឹកដក់នៅក្នុងភូមិដ្ឋានទាំងអស់នេះ ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here