សាលាដំបូងរាជធានីភ្នំពេញចាប់បញ្ជូនខ្លួននគរបាលសក្តិ៥ក្លែងក្លាយទៅសាលាដំបូង រាជធានីភ្នំពេញ

0
8

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ឈ្មោះ ប៉ាង កាក់ទិការ ហៅឆាង បន្លំជានគរបាលឈ្មោះ សម្បត្តិ សក្កដា អាយុ២១ឆ្នាំនេះ ត្រូវកម្លាំងជំនាញឃាត់ខ្លួននៅចំណុចផ្លូវកម្ពុជាក្រោម កែងផ្លូវ២៥៣ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក និងបានរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ។

ជនសង្ស័យម្នាក់ដែលក្លែងបន្លំខ្លួនជា មន្ដ្រីនគរបាលជាតិ ពាក់ស័ក្ដិ៥ ត្រូវបានកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

គួរជម្រាបថា តាមការស្រាវជ្រាវរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរកឃើញថា មានជនសង្ស័យម្នាក់នេះ បានបង្កើតគណនីហ្វេសបុកក្លែងក្លាយមួយ ដែលដាក់ឈ្មោះថា ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក ក្រុមការងារបានរកឃើញថា ជនម្នាក់នេះមិនត្រឹមតែលួចបង្កើតហ្វេសបុកក្លែងក្លាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ថែមទាំងបានក្លែងបន្លំខ្លួនធ្វើជាសមត្ថកិច្ច នគរបាលជាតិទៀតផង។

បន្ទាប់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សស្រាវជ្រាវ បានព័ត៌មានគ្រប់គ្រាន់ ក្រុមការងារបានធ្វើការសហការផ្តល់ព័ត៌មាន ដល់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនជនសង្ស័យនេះតែម្ដង។

សមត្ថកិច្ចដកហូតបាន វិទ្យុទាក់ទង ចំនួន០៥គ្រឿង, ទូរស័ព្ទដៃ iPhone 6+ ចំនួន០១គ្រឿង, ខ្នោះដៃ ចំនួន០៣គូ, អាវឈុតពណ៌អាចម៌សេះ មានឈ្មោះ វសេនីយ៍ទោ សម្បត្តិ សកក្កដា អត្តលេខ៥០០៩១ ចំនួន០១កំផ្លេ, អាវពណ៌ទឹកដោះគោ មានស្លាកសម្គាល់នគរបាលព្រហ្មទណ្ឌ មានផ្លាកឈ្មោះ សម្បត្តិ សកក្ដដា អត្តលេខ ១០៤៦០១ ចំនួន០២កំផ្លេ, អាវធំ ពណ៌ខ្មៅ មានឡូហ្គូនគរបាលព្រហ្មទណ្ឌ ចំនួន០១, អាវយឺតដៃខ្លី ពណ៌អាចម៌សេះ មានសញ្ញា នប Policeចំនួន០១, អាវុធខ្លីជ័រ ពណ៌ខ្មៅ ចំនួន០១ដើម និងស្រោមអាវុធខ្លី ចំនួន០១, ដាវដែកមានស្រោម ចំនួន០១ដើម, ដំបងហូតដែក ចំនួន០១, មួកនគរបាលចំនួន០៤, ខ្សែក្រវ៉ាត់សាំងទារ៉ុង ពណ៌ត្រេអ៊ី ចំនួន០១, សក្តិថ្នាក់វរសនីយ៍ទោ ចំនួន០១គូ និងថ្នាក់វរសនីយ៍ឯក ចំនួន០១គូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here