សណ្ឋាគារ Intercontinental ភ្នំពេញប្តូរឈ្មោះទៅជាសណ្ឋាគារ The Great Duke   

144

ភ្នំពេញៈ សណ្ឋាគារ Intercontinental ភ្នំពេញ ដែលជាសណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ល្បីមួយស្ថិតនៅម្តុំ ផ្សារដើមគរ តាមបណ្តោយមហាវិថីម៉ៅសេទុងកែងនឹងមហាវិថីព្រះមុនី្នរ៉េត ដែលបានដំណើរការអស់រយៈពេលជាង ២០ឆ្នាំក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន IHG បានប្តូរឈ្មោះជាផ្លូវការទៅជាសណ្ឋាគារ The Great Duke ចាប់តាំង ពីខែកុម្ភៈឆ្នាំ២០១៨ នេះតទៅ។

យោងតាមសេចក្តីប្រកាសរបស់សណ្ឋាគារនេះ “ក្រោយរយៈពេល២០ឆ្នាំនៃភាពជាកម្មសិទ្ធិនិងការដឹកនាំ របស់ក្រុមហ៊ុនក្នុងការកំណត់ស្តង់ដារសម្រាប់សណ្ឋាគារប្រណិតៗនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Regency Company Limited មានសេចក្តីសោមនស្សរីករាយចំពោះការប្រកាសនូវការរៀបចំយីហោពាណិជ្ជកម្មថ្មីសម្រាប់​សេវាកម្មបដិសណ្ឋារកិច្ចប្រណិតលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមោទនភាព យើងខ្ញុំសូមប្រកាសសណ្ឋាគារ The Great Duke Phnom Penh ដែលនឹងចូលមកកាន់កាប់ជំនួសអតីតសណ្ឋាគារ Intercontinental ភ្នំពេញ។”​

គួរបញ្ជាក់ផងដែរថា សណ្ឋាគារ The Great Duke គឺជាទ្រព្យសម្បត្តិដំបូងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន​ Great Duke Hotels and Resorts របស់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុនដែលទើបនឹងបង្កើតនេះនឹងអភិវឌ្ឍ អាជីវកម្មរបស់ខ្លួនតាមរយៈការបើកសណ្ឋាគារនិងតំបន់កំសាន្តលំដាប់ខ្ពស់ផ្សេងៗនៅក្នុងប្រទេសកម្ពុជានិងតំបន់ អាស៊ីប៉ាស៊ីហ្វិក៕