ឆ្លងដែនបីចៅកាត់អូរព្រំដែនមិនប្រយ័ត្នបណ្តាលអោយចៅប្រុស របូតពីដៃទៅតាមទឹកបាត់២ថ្ងៃទើបរកឃើញសព

0
3

ខេត្តបាត់ដំបង! គួរអោយអាណោចអាធ័មក្មេងប្រុសអាយុជាង០១ខួបបានលង់ទឹកអូរព្រំដែនបាត់មួយយប់ទើបរកសពឃើញខណះឆ្លងដែនកាត់អូរព្រំដែនកម្ពុជាថៃជាមួយជីដូនចូលក្នុងទឹកដីថៃ មិនប្រយ័ត្នរបូតចេញពីដៃបាត់អស់ពីរថ្ងៃ។

លោក រី ហេង មេឃុំត្រាង បានអោយដឹងថា កាលពីវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោកបានទទួលដំណឹងពីឈ្មោះ អ៊ុន រ៉ែម ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយលើកឡើងថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ខ្លួននិងចៅប្រុសឈ្មោះ បាត់ ភូ ភេទប្រុស អាយុ១ឆ្នាំ៨ខែ បានឆ្លងដែនទៅប្រទេសថៃតាមច្រកច័ន្ទគីរី នៃស្រុកកំរៀង។លុះនៅវេលាម៉ោងប្រហែលប្រាំពីរយប់ គាត់ក៏បានបីចៅឆ្លងទឹកអូរព្រំដែនតាមច្រកច័ន្ទគីរីដដែលហើយបានរអិលដួលចូលក្នុងទឹក បណ្តាលអោយរបូតចៅពីដៃហូរតាមទឹកបាត់តែម្តង។

លោកមេឃុំ បានបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាមអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាចុះរាវរកយ៉ាងយកចិត្ដទុកដាក់រហូតនៅវេលាម៉ោង ១១និង២២នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ទើបប្រទះឃើញសាកសពក្មេងប្រុសអណ្តែតជាប់នៅលើគំពោតព្រៃដែលមានចំងាយពីកន្លែងកើតហេតុជាងបីរយម៉ែត្រស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។
ក្រោយពេលរកឃើញសាកសពក្មេងរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយទៅខាងអាណាព្យាបាលយករៀបចំធ្វើបុណ្យតាមប្រពៃណី។
នេះជាហេតុការទីពីរហើយដែលកើតឡើងលើពលរដ្ឋខ្មែរអោយបាត់បងជីវិតដោយសារការឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជាវិញតាមអូរព្រំដែនក្នុងអំឡុងមុនភ្ជុំនិងក្រោយភ្ជុំបិណ្ឌ។ដោយករណីទីមួយពលករខ្មែរជាស្រ្តីបានឆ្លងដែនពីថៃចូលកម្ពុជាវិញតាមអូរព្រំដែននៃក្បែរច្រកព្រំខេត្តប៉ៃលិនតាមការជិះចានដែកលិចចូលទឹកបាត់ច្រើនថ្ងៃទើបរកឃើញ។ចំណែកករណីកុមារាខាងលើកាន់គួរអោយអាសូថែមទៀតដោយសារតែកម្ពុជាថៃបិទមិនអោយមានការឆ្លងដែនចេញចូលធ្វើអោយពលរដ្ឋខ្មែរតាមរយះមេខ្យល់ឬការបើកភ្លើងខៀវពីសមត្ថកិច្ចយកច្រករបៀងជាច្រកអត្ថិភាពក្នុងការឆ្លងដែនចេញចូលបណ្តាលអោយជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ខណះទឹកអូរឡើងខ្លាំង។
ហេតុការនេះក៍មានការលើកឡើងពីសំណាក់មហាជនថាបើសមត្ថកិច្ចមិនបើកភ្លើងខៀវអោយចេញចូលទេពួកគាត់ក៍មិនគ្រោះថ្នាក់ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here