សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនម្នាក់​ ដែលមានជំងឺជើងឡើងធំខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

0
5

កំពង់ឆ្នាំង៖ បន្ទាប់ពីបានឃើញព័ត៌មានភ្លាមៗ និងក្តីអាណិតអាសូរជាពន់ពេកនោះ នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាចំនួន ១០លានរៀល ជូនយុវជនឈ្មោះ លី សុថេត អាយុ២៧ឆ្នាំ ដែលមានជំងឺជើងឡើងធំ​ ខុសពីធម្មតា រស់នៅភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ដោយសារស្ថានភាពកាន់តែធ្ងន់ធ្ងរ ពេលនេះ​ អ្នកជំងឺបានមកពិនិត្យសុខភាពនៅមន្ទីរពេទ្យកាល់ម៉ែត ហើយស្នាក់នៅបន្ទប់ជួលមួយក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំលទ្ធផលនៃការពិភាក្សា​ និងការសម្រេចព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់យុវជន លី សុថេត ត្រូវមានស្មារតីរឹងមាំ ខិតខំថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យស្អាត និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមជូនពរឱ្យការព្យាបាលទទួលបានជោគជ័យ ជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះ យុវជន លី សុថេត និងឪពុកបង្កើត ដែលបានអញ្ជើញមកទទួលអំណោយនេះ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត​ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែមានការសន្តោសប្រណី និងគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការរើសអើងអ្វីឡើយ ជាពិសេសការលើកទឹកចិត្តដ៏ធំធេង ដែលជាក្តីសង្ឃឹមមិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋគ្រប់រូប។

សូមបញ្ជាក់ថា អំណោយដែលកាកបាទក្រហមកម្ពុជាបានផ្តល់ជូន រួមមាន ៖ អង្ករ ៦០គីឡូក្រាម មី​ ២កេស ត្រីខ ២០កំប៉ុង ឃីត(មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត រទេះរុញសម្រាប់ជនពិការ​ ១គ្រឿង​ និងថវិកា ១០លានរៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here