រដ្ឋាភិបាលថានឹងបន្តបង្រ្កាបបទល្មើសជលផល និងការកាប់រានដីព្រៃលិចទឹក

38

រដ្ឋាភិបាលកម្ពុជាថានៅឆ្នាំ២០១៨ នេះនឹងបន្តពង្រឹងការគ្រប់គ្រង បង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹក និងជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ដីពីការបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលប្រចាំឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្តនាឆ្នាំ២០១៨។

លោក វេង សាខុន លើកឡើងថាក្នុងទិសដៅអនុវត្តនាឆ្នាំ២០១៨ ក្រសួងនឹងបន្តពង្រីកការគ្រប់គ្រង និងបង្រ្កាបបទល្មើសជលផល និងការកាប់រាន ដុត ឈូសឆាយដីព្រៃលិចទឹកយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ហើយសហការជាមួយអាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ បន្ដយកចិត្ដទុកដាក់ជំរុញការបោះបង្គោលព្រំដែនព្រៃលិចទឹកឱ្យបានឆាប់រហ័ស។

ក្នុងទិសដៅអនុវត្តការងារបន្តនោះដែរក្រសួងថានឹងសិក្សាស្រាវជ្រាវប្រភេទពូជត្រី ដែលមានតម្លៃខ្ពស់ និងជាតម្រូវការទីផ្សារនាំចេញ និងជំរុញស្ថានីយ៍ភ្ញាស់កូនត្រីពូជនីមួយៗ ឲ្យពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបង្កាត់ភ្ញាស់កូនត្រីពូជឱ្យបានច្រើន។

បន្ថែមលើនោះក្រសួងថានឹងរៀបចំឱ្យមានមន្ទីរពិសោធន៍សម្រាប់វិភាគគុណភាព និងសុវត្ថិភាព ផលិតផលជលផល ដើម្បីធានាសុខុមាលភាពដល់សាធារណៈផងដែរ។
ជាមួយគ្នានោះដែរក្រសួងកសិកម្មថានឹងពង្រឹងសមត្ថភាពសហគមន៍នេសាទ ឱ្យបានរឹងមាំ ដើមពង្រឹងការងារគ្រប់គ្រងនៅតំបន់អភិរក្ស៕