ប៉េអឹមក្រុងប៉ោយប៉ែតក្របួចក្រុមចោរញៀនថ្នាំ៤នាក់បញ្ជូនទៅតុលាការ

0
14

បន្ទាយមានជ័យ : យ៉ាងហោចណាស់មនុស្ស៤នាក់ដែលសង្ស័យជាក្រុមចោរត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យចាប់ខ្លួនបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃសុក្រទី០៩ខែតុលាឆ្នាំ២០២០នេះបន្ទាប់ពីជាប់ពាក់ពន្ធ័និងករណីលួចយកម៉ូតូពីរគ្រឿងរបស់ជនរងគ្រោះនៅក្រុងប៉ោយប៉ែត។ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ដោយកម្លាំងអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតក្រោមការបញ្ជាផ្ទាល់ពីលោក នួន នីណារ៉ូ ក្រោយទទួលបានបណ្តឹងជនរងគ្រោះទាំងពីររូប។
លោក នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងប៉ោយប៉ែតបានអោយដឹងថានៅថ្ងៃទី០៦ខែតុលាឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ នាង រ៉ាវុទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត និងជនរងគ្រោះឈ្មោះ នៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែតបានមកប្តឹងពីករណីបាត់ម៉ូតូ។ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងបានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ម៉ម វីរៈ (ហៅចក់) ភេទប្រុស អាយុ២៨ឆ្នាំនៅវេលាម៉ោង០១ និង០០នាទី ឈានចូលថ្ងៃទី០៧ខែតុលាឆ្នាំ២០២០ ដោយដកហូតបានម៉ូតូមួយគ្រឿងម៉ាកឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៣របស់ជនរងគ្រោះដែលបានបាត់នៅចំនុចកាស៊ីណូប៉ោយប៉ែតផាលេសផ្លាស (ផ្សារយួន) ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។ក្រោមការសួរនាំនិងចម្លើយសារភាពរបស់ជនសង្ស័យ កម្លាំងជំនាញអាវុធហត្ថក្រុងបានបន្តក្រសោបមុខសញ្ញាសង្ស័យបីនាក់បន្ថែមទៀតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាលដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិច ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AB-3848 របស់ឈ្មោះនៅ រតនា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត។
លោក នួន នីណារ៉ូ បានបញ្ជាក់អោយដឹងដែរថាបក្សពួកជាក្រុមជនសង្ស័ចំនួន០៣នាក់ដែលឃាត់បានមានឈ្មោះ ១/-ឈ្មោះ សៅ ទិត្យ (ហៅខ្មៅ) ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ២/- ឈ្មោះ ឌី ខួច (ហៅធិ) ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣/- ឈ្មោះ អាង ថុនា (ហៅទូ) ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះកម្លាំងបានឆែកឆេរទីតាំងស្នាក់នៅមួយកន្លែងស្ថិតក្នុងភូមិអូរឫស្សី សង្កាត់ផ្សារកណ្ដាល បានរកឃើញវត្ថុតាងម៉ូតូពីរគ្រឿងបន្ថែមទៀតនិងគ្រឿងបន្លាស់ម៉ូតូមួយចំនួនផងដែរ។ក្រោយដកហូត ម៉ូតូពីរគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here