អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង

0
75

កំពង់ធំ៖ កាលពីល្ងាច ថ្ងៃអាទិត្យ ០៩រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក ព្រមទាំងមន្រ្តីសង្ឃក្នុងស្រុកតាំងគោក និមន្តចុះ និងចុះសាកសួរសុខទុក្ខបងប្អូនដែលផ្ទះសម្បែង ផលដំណាំរងផលប៉ះពាល់ ដោយទឹកភ្លៀងជន់លិច និងសាកសួរសុខទុក្ខមាមីង ទ័លក្រ មានជំងឺ នៅភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ដោយជូនអំណោយមួយចំនួនផង។

នៅក្នុងឱកាសនោះផងដែលព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក សម្ដែងនូវទឹកព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុកយកចឹត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណាក៏ដោយលោកតែងតែចុះជាប់នឹងនៅជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ជាក់ស្តែងពេលនេះជាដើមដែលបងប្អូនកំពុងជួបផលលំបាកដោយសារទឹកភ្លៀងលិចលង់លោកមិនព្រងើយកន្តើយដឹកនាំសហការីដើម្បីជួយអន្តរាគមន៌ដល់បងប្អូនទាន់ពេលវេលា ។ព្រះក៏មានពុទ្ធដិកាបន្តថា នេះជាភ័ព្ទសំណាងរបស់ពលរដ្ឋក្នុងស្រុកតាំងគោកទាំងមូលដែលមានអភិបាលស្រុកបែបនេះ។

នៅក្នុងការចុះសួរសុខទុក្ខបងប្អូនផ្ទះសម្បែង ផលដំណាំរងផលប៉ះពាល់ ដោយទឹកភ្លៀងជន់លិច និងសាកសួរសុខទុក្ខមាមីង ទ័លក្រ មានជំងឺ ដោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក លោកក៏បានថ្លែងអំណរគុណដល់ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក និងព្រះគ្រូសីលមុនីវង្ស តន់ ពិសី ព្រះចៅអធិការវត្តគុហនគរ ព្រមទាំងមន្រ្តីសង្ឃដែលជានិច្ចជាកាល ព្រះគ្រូបាននាំយកអំណោយបស់ព្រះគ្រូចូលរួមជាមួយរដ្ឋបាលស្រុក ដើម្បីធ្វើការងារមនុស្សធម៌នៅក្នុងស្រុកតាំងគោក ។
លោកអភិបាលក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ដែលសម្តេចមានការសោកស្តាយនូវបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃ បង្កឲ្យមានជន់លិចដំណាំរបស់បងប្អូនមួយចំនួន ។លោកបន្តទៀតថាតាមការចង្អុញរបស់ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម សុខ លូអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែក្រើនរំលឹកឲ្យមន្ត្រីចុះជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋ ជួយអន្តរាគមន៍សង្រ្គោះបងប្អូនឲ្យទាន់ពេលវេលា ។លោកលើកឡើងថាអំណោយទាំងនេះអាចជំនួយផ្គត់ផ្គង់ជីវភាពលោកយាយ លោកតាបានមួយរយ:ពេលខ្លីតែប៉ុណ្ណោះ តែក៏អាចសម្រាល់ទុក្ខលំបាកបងប្អូនបាន១គ្រា។លោកសំណូមពរឲ្យបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងតូចៗនៅពេលលេងទឹកដែលបង្កគ្រោះថ្នាក់ដោយយថាហេតុ ប្រុងប្រយ័ត្នចំពោះខ្សែរភ្លើងខ្លាចឆ្លងចរន្តអគ្គីនីនៅពេលប៉ះទឹក។

ជាចុងក្រោយលោក ហាក់ ម៉ុងហួត បានបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា គ្រប់រូបអោយយកទុកដាក់ចិត្តចំពោះជំងឺកូវិត-១៩ ទោះបីជានៅក្នុងសហគមន៍យើងមិនមានអ្នកឆ្លងយ៉ាងណាក៏ដោយ ក៏ពុកម៉ែបងប្អូនមិនត្រូវថ្វេសប្រហែសឡើយ ត្រូវតែធ្វើអនាម័យអោយបានជាប្រចាំ ដូចជាត្រូវលាងដៃជាមួយនឹងសាប៊ូ ទឹកអាកុល ជេលអោយបានញឹកញាប់ នៅពេលដែលយើងប៉ះ ឬកាន់នៅរបស់អ្វីមួយជាមុនសិន ព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងគោរពតាមការណែនាំរបស់ក្រសួងសុខភិបាលអោយបានជាប្រចាំ ។ត្រូវគោរពច្បាប់ចរាចរណ៌ ដោយធ្វើដំណើរពាក់មួកសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់បាត់បង់ប្រយោជន៌បងប្អូន។
សូមបញ្ជាក់ផងដែរថា -បងប្អូនរងផលប៉ះពាល់ចំនួន ២០គ្រួសារ ដោយមួយគ្រួសារៗទទួលបាន អង្ករ ៥០គក្រ , មី ១កេស , ទឹកត្រី១យួរ ,ទឹកបរិសុទ្ធ ១ប៊ីដុង និងប្រាក់ចំនួន ១០០.០០០ (ដប់មុឺន)រៀល
-មាមីងទីទ័លក្រ មានជំងឺ ចំនួន ៧គ្រួសារ មួយគ្រួសារៗទទួលបាន អង្ករ ២៥គក្រ និងប្រាក់ចំនួន១០០.០០០ (ដប់មុឺន)រៀល និងចែកចាស់ៗមួយចំនួនទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here