ក្រសួងមហាផ្ទៃសម្រេចផ្ទេរអភិបាលរងក្រុងសំរោងមកជាអភិបាលរងស្រុកចុងកាល់

0
6

(ឧត្តរមានជ័យ)មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានទុកចិត្តលោក នៅសំ វាសនា អភិបាលរងក្រុង និងលោក ហៀប វុនណារិទ្ធ អភិបាលរងស្រុក បានសម្រេចប្រកាសប្រគល់ផ្ទេរភារកិច្ច មុខតំណែង ថ្មីជាអភិបាលរងស្រុកចុងកាល់ កាលពីព្រឹកថ្ងៃច័ន្ទទី១២ខែតុលាឆ្នាំ២០២០ នៅបរិវេណសាលាស្រុកចុងកាល់ ក្រោម អធិបតីភាពឯកឧត្តម លឹម សុខតូ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមន្ត្រីរាជការ ជីវករ ប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។

ឯកឧត្តម លឹម សុខតូ បានមានប្រសាសន៍ថាលោកសូមចូលរួមអបអរសាទរដែលត្រូវបានថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលសម្រេចចិត្តផ្លាស់ប្ដូរភារកិច្ចជាអភិបាលរងក្រុង និងអភិបាលរងស្រុក លោកសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលរងស្រុកថ្មីនឹងនាំយកនូវបទពិសោធន៍ សមត្តភាព និងចំណេះដឹងល្អៗដែលបានអនុវត្តកន្លងមក ដើម្បីចូលរួមដឹកនាំ ចាត់ចែងការងាររដ្ឋបាលស្រុកអោយទទួលបានជោគជ័យ ពង្រឹងថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់និង ជំរុញការចូលរួមរបស់ប្រជាពលរដ្ឋជាពិសេសការផ្ដល់សេវាសាធារណៈ និងអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ស្របទៅនឹងច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម អភិបាលរងខេត្តបានជំរុញណែនាំដល់មន្រ្តីទាំងអស់ក្នុងស្រុកត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាដែលពាក់ព័ន្ធទៅនឹងតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវបង្កើតកិច្ចសហការល្អ បំពេញភារកិច្ចដោយឈរលើគោលការណ៍ច្បាស់លាស់ ភាពជាម្ចាស់ការ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព។

ឯកឧត្តមសូមអំពាវនាវ អោយមន្ត្រីយើងជួយជំរុញផ្សព្វផ្សាយបន្តដល់់ប្រជាពលរដ្ឋកូនចៅនៅតាមមូលដ្ឋានអោយទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់អោយបានទាន់ពេលវេលាតាមសេចក្តីណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

LEAVE A REPLY

Please enter your comment!
Please enter your name here