អាជ្ញាធរមានសមត្ថកិច្ចក្រុងខេមរភូមិន្ទ ចុះហាមឃាត់ក្រុមឈ្មួញដែលបានចាក់ដីចូលអូរបំរុងយកធ្វើជាកម្មសិទ្ធិឯកជន

0
15

កោះកុង ÷ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ម្សិលម៉ិញ មន្ត្រីជំនាញ និង អាជ្ញាធរក្រុងខេមរភូមិន្ទ បានចុះទៅធ្វើការហាមឃាត់ក្រុមឈ្មួញដែលកំពុងចាក់ដីចូលទៅក្នុងចំណីអូរមួយកន្លែងដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ បំណងយកធ្វើជាកម្មសិទ្ធិឯកជន ត្រង់ចំណុចស្ពានអូរព្រែកជ័រ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។

បើតាមការបញ្ជាក់ពីលោក ញ៉ែម យី ចៅសង្កាត់រងស្មាច់មានជ័យ បានអោយដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោកអភិបាលក្រុង អាជ្ញាធរ រួមទាំងមន្ត្រីជំនាញ បានចុះមកធ្វើការពិនិត្យជាក់ស្តែង និងសម្រេចអោយឈ្មួញដែលកំពុងចាក់ដីចូលក្នុងចំណីអូរខាងលើ បញ្ឍប់សកម្ភាពចាក់ដីជាបណ្តោះអាសន្ន ដោយតម្រូវអោយភាគីម្ចាស់ដីយកឯកសារពាក់ព័ន្ធទៅកាន់សាលាក្រុងដើម្បីធ្វើការត្រួតពិនិត្យ និងដោះស្រាយ បើសិនជាភាគីម្ចាស់ដីនៅតែបន្តចាក់ដី នៃអាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន ។

ដោយឡែកបើយោងទៅតាមរបាយការណ៍ជាក់ស្តែងដែលក្រុមមន្ត្រីជំនាញបានចុះពិនិត្យដោយផ្ទាល់នោះបានអោយដឹងថា ការចាក់ដីខាងលើ គឺពិតជាបានចាក់បំពានចូលទៅក្នុងអូរជាមធ្យមប្រមាណជា៦ ទៅ ៧ម៉ែត្រ ។

បើយោងតាមការបញ្ជាក់ពីពលរដ្ឋដែលរស់នៅជិតតំបន់ខាងលើ បានអោយដឹងដែរថា ដីដែលក្រុមឈ្មួញកំពុងចាក់នេះ ពីដើមឡើយគឺពុំមានបុគ្គលណាម្នាក់ជាម្ចាស់នោះឡើយ (ដីសាធារណៈរបស់រដ្ឋ) ព្រោះអូរខាងលើនេះមានសារៈសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះខ្លាំងណាស់ ដោយរដូវប្រាំងពួកគាត់អាចយកទឹកអូរនេះទៅប្រើប្រាស់ជាប្រយោជន៍ផ្សេងៗបានជាច្រើន ដោយឡែកសំរាប់រដូវវស្សាវិញ អូរមានតួរនាទីរំដោះនូវជំនន់ទឹកភ្លៀង និងជាកន្លែងរមណីដ្ឋានដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ថែមទៀតផង ។

ប្រភពដដែលបន្តថា អូរនេះពីដើមឡើយមាន តូបលក់ដូររបស់ពលរដ្ឋមួយគ្រួសាររស់នៅ តែក្រោយមកនារដូវវស្សាត្រូវបានទឹកកួចយកតូបនោះទៅបាត់ ហើយក៏លែងមានអ្នកណាមកសាងសង់តូបនៅក្បែរមាត់អូរនេះទៀតទេ តែស្រាប់តែពេលថ្មីៗនេះក៏មានក្រុមឈ្មួញមកចាក់ដីបំរុងលុបយកធ្វើជាកម្មសិទ្ធិទៅវិញ រឿងរ៉ាវនេះបានធ្វើអោយពួកគាត់ដាក់ការសង្ស័យថាអាចបណ្តាលមកពីមានការឃុបឃិតបើកភ្លើងខៀវ ពីស្ថាប័នពាក់ព័ន្ធ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here