រដ្ឋបាលខេត្តឧត្ដរមានជ័យ ចុះពិនិត្យមើលស្ថានភាពទឹកទូទាំង ក្រុង ស្រុក ក្នុងខេត្ត

0
6

(ឧត្តរមានជ័យ)រដ្ឋបាលខេត្តឧត្តរមានជ័យដោយគិតពីសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្រុង ស្រុក នីមួយៗក្នុងខេត្ត បន្ទាប់ពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅថ្ងៃទី១៤ ១៥ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃ គណៈអភិបាលខេត្តឧត្ដរមានជ័យ និងឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្ត ដើម្បីត្រៀមធ្វើការសង្គ្រោះ ដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ស្ថានភាពទឹកភ្លៀងនៅពេលនេះ គឺមិនទាន់មានសភាពធ្ងន់ធ្ងរ ឬក៏ឈានទៅដល់ការប្រកាសអាសន្នណាមួយនៅឡើយនោះទេ តែមន្ទីរជំនាញអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវតែត្រៀមនូវវិធានការឲ្យបានហ្មត់ចត់ ដើម្បីឆ្លើយតប បានទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយជំនន់ទឹកភ្លៀងកើតឡើងធ្ងន់ធ្ងរ ដែលបង្កនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងស្ទឹង សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ជៀសវាងការកើតមានជម្ងឺតម្កាត់ផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here