អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ត្រូវបានរដ្ឋបាលខេត្តកំពង់ធំនាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន ៨៦គ្រួសារ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍

0
34

(កំពង់ធំ)៖ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនិងក្រុមការងារបានចុះសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចែកជូនប្រជាពលរដ្ឋចំនួន៨៦គ្រួសារដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងនឹងបន្តចុះចែកអំណោយតាមខ្នងផ្ទះបន្ថែមទៀតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាកាលសម្តេចតែងតែផ្តាំផ្ញើរ និងយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ចដែលពេលនេះបងប្អូនជួបប្រទះនូវគ្រោះធម្មជាតិ។
ឯកឧត្តមបានបន្តថាបន្ទាប់ពីទទួលបានព័ត៌មានពីអាជ្ញាធរដែនដីភូមិឃុំស្រុកអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀងដែលលង់លិចផ្ទះសម្បែងនិងដំណាំកសិកម្មរបស់បងប្អូនភ្លាមឯកឧត្តមបានចុះមកដោយផ្ទាល់ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខនិងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាជំនួយផ្គត់ផ្គង់ជីវភាពបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា បានមួយរយ:ពេលដើម្បីឲ្យបងប្អូនមានឱកាសរកទទួលទានបានបន្ថែមទៀត ។
ឯកឧត្តមបានបន្ថែមទៀតថាថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរងគ្រោះទាំងអស់ដោយមិនទុកឱ្យនរណាម្នាក់ដាច់បាយនិងប៉ះពាល់ដល់អាយុជីវិតឡើយ។
ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅនិងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានណែនាំដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀត ជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម ប្រសិនបើមានទឹកជំនន់ត្រូវរត់រកទីទួលសុវត្ថិភាព និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃកាត់បន្ថយការស្លាប់ ពិការភាព និងជួយអប់រំណែនាំដល់កូនចៅឲ្យរស់ឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញអនាគតរបស់ក្រុមគ្រួសារ និងសង្គមជាតិ។
ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរដែនដីដែលតែងតែគិតគូសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។
អំណោយដែលបានផ្តល់ក្នុងមួយគ្រួសាមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកសុទ្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here