ទេសរដ្ឋមន្ត្រី មាស សុភា ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង ដើម្បីរកវិធានការជួយសង្រ្គោះពលរដ្ឋ ខណៈកម្ពស់ទឹកដងស្ទឹងសែនខេត្តព្រះវិហារ នៅតែបន្តឡើងខ្លាំងលើសកម្រិតប្រកាសអាសន្ន

0
11

ដោយ៖ មាន រតនា
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដងស្ទឹងសែនក្នុងខេត្តព្រះវិហារ នៅតែបន្តហក់ឡើងខ្លាំងនៅរហូតកម្ពស់ ១១.៩៤ម៉ែត្រ បើប្រៀបធៀបថ្ងៃម្សិលមិញកម្ពស់ ១១.៥៨ លើសកម្រិតត្រូវប្រកាសអាសន្នគឺ ១១.៥០ម៉ែត្រ។ នេះបើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ។

ជាមួយនឹងស្ថានភាពការហក់ឡើងខ្លាំង នៃកម្ពស់ទឹកដងស្ទឹងសែនលើសកម្រិតប្រកាសអាសន្ន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងដល់ទីតាំងមួយចំនួនក្នុងស្រុកជ័យសែន ដែលកំពុងប្រឈម និងបញ្ហាទឹកជំនន់ដើម្បីរកមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់របស់ខ្លួនគ្រប់ពេលវេលា និងរាយការណ៍ឲ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយត្ន័ និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឲ្យមានការបាត់បង់ខូចខាតទ្រព្យសម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយទឹកជំនន់។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានមកនូវអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាពលរដ្ឋក្រីក្រជាច្រើនគ្រួសារផងដែរ។

ដោយឡែក លោក រស់ ហេង អភិបាលស្រុកជ័យសែន បានថ្លែងបញ្ជាក់ឲ្យដឹងថា ស្ថានភាពទឹកក្នុងស្រុកជ័យសែនថ្ងៃនេះមានការហក់ឡើងខ្លាំង ប៉ុន្តែមិនទាន់ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនោះទេ។

លោកអភិបាលស្រុក បានអរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាទឹកជំនន់ក្នុងស្រុកជ័យសែន ហើយលោកបានថ្លែងនូវការអរគុណផងដែរ ដល់លោក កង សៅគុណប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកជ័យសែន ដែលបានផ្តល់កាណូតមួយគ្រឿងទុកចម្លងប្រជាពលរដ្ឋដោយមិនយកលុយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here