លោកអភិបាលស្រុករវៀង បញ្ជាឲ្យកម្លាំងសមត្ថកិច្ចត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ ខណៈកម្ពស់ទឹកដងស្ទឹងសែនខេត្តព្រះវិហារ ឡើងលើសកម្រិតប្រកាសអាសន្ន

0
22

ដោយ៖ មាន រតនា
(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ស្ថានភាពទឹកដងស្ទឹងសែន ខេត្តព្រះវិហារ បន្តហក់ឡើងខ្លាំងរហូតកម្ពស់ ១១.៩៤ម៉ែត្រ ខុសពីថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១១.៥៨ម៉ែត្រ ដែលកម្រិតត្រូវប្រកាសអាសន្ន្រឹមតែ ១១.៥០ម៉ែត្រ ហើយកម្ពស់ទឹកស្ទឹងសែន អាចហក់ឡើងជាបន្តទៀត ខណៈភ្លៀងនៅតែបន្តធ្លាក់។ នេះបើតាមការឲ្យដឹងពីលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ។

ជាមួយនឹងការហក់ឡើងខ្លាំង នៃកម្ពស់ទឹកដងស្ទឹងសែនលើសកម្រិតប្រកាសអាសន្ន នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះដែរ លោក ហោ ប៊ុនហួរ អភិបាល នៃគណៈអភិបាលស្រុករវៀង បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង ដល់ទីតាំងក្នុងភូមិអន្លង់ស្វាយ ឃុំរតនៈ ដែលកំពុងប្រឈមនឹងជំនន់ទឹកភ្លៀង ដោយបានជម្លាសប្រជាពលរដ្ឋចំនួន ២៨គ្រសារ សត្វពាហនៈ និងសម្ភារៈទៅរកទីទួលមានសុវត្ថភាព ព្រមទាំងបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ចំណុះឲ្យរដ្ឋបាលស្រុក ត្រៀមមធ្យោបាយជួយអន្តរាគមន៍សង្រ្គោះបងប្អូនប្រជាពលរដ្ឋឲ្យទាន់ពេលវេលាជាបន្តទៀត ប្រសិនបើជំនន់ទឹកភ្លៀងនៅតែបន្តហក់ឡើង។

លោកអភិបាលស្រុករវៀង ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចនៅតាមមូលដ្ឋាន ត្រូវតាមដានឃ្លាំមើលស្ថានភាពទឹកនៅតាមតំបន់របស់ខ្លួន គ្រប់ពេលវេលា និងរាយការណ៍ឲ្យបានឆាប់បំផុត ពិសេសត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែនឲ្យមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកជាមុន កុំឲ្យមានការបាត់បង់ខូចខាត ទ្រព្យសម្បត្តិ និងរងគ្រោះថ្នាក់ផ្សេងៗទៀតដោយជំនន់ទឹកភ្លៀងនេះ។

លោក ហោ ប៊ុនហួរ បានបញ្ជាក់ឲ្យដឹងថា រដ្ឋបាលស្រុក បានត្រៀមលក្ខណៈរួចរាល់ទាំងមធ្យោបាយ និងសម្ភារៈ ត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីអន្តរាគមន៍ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងករណីគ្រោះទឹកជំនន់កើតមានឡើង តាមបណ្តាលតំបន់ប្រកាសអាសន្នមិនឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះថ្នាក់ដោយទឹកជំនន់នោះទេ។

លោកអភិបាលស្រុករវៀង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយទន្លេ ស្ទឹង និងទីកន្លែងនានាដែលមានហានិភ័យខ្ពស់អាចកើតមានឡើងនូវជំនន់ទឹកភ្លៀង សូមរក្សាសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រៀមខ្លួនជានិច្ចបន្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព រស់នៅដោយអនាម័យ មានការប្រុងប្រយ័ត្នខ្ពស់ពីករណីលង់ទឹក និងសត្វអសិរពិសផ្សេងៗ ព្រមទាំងត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដោយមិនត្រូវធ្វេសប្រហេសជាដាច់ខាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here