រដ្ឋាភិបាលដាក់តំបន់កោះរ៉ុងជាឧទ្យានជាតិសមុទ្រ

142

រដ្ឋាភិបាល​កម្ពុជាសម្រេច​ឲ្យ​បង្កើត ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងដែលមានទីតាំងនៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។​

​រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៨​ បានសម្រេចបង្កើត​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​ដែលមាន កោះរ៉ុង កោះរ៉ុង​សន្លឹម កោះ​កូន កោះ​តូច កោះ​តា​ទៀម កោះ​ម្នាស់​ក្រៅ កោះ​ម្នាស់​ក្នុង និង​សមុទ្រ​ជុំវិញ ដែលមាន​ផ្ទៃ​សរុប ៥២,៤៤៨​ហិកតា។

តាមអនុក្រឹត្យដដែល​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុងនោះស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង ដោយ​ក្នុងនោះ​មាន​ផ្ទៃដី​ទំហំ​៥៣១១​ហិកតា និង​ផ្ទៃ​ទឹកសមុទ្រ​ទំហំ ៤៧,១៣៧​ហិកតា ដូច​មាន​ផែនទី​ភ្ជាប់​មកជា​មួយ​។​

​តាមអនុក្រឹត្យការដាក់តំបន់នេះ​​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង មាន​គោលបំណង​ ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ​លើ​កោះ និង​បរិវេណ​សមុទ្រ​ជុំវិញ ផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​រួមចំណែក​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះមហន្តរាយធម្មជាតិ។

ជាមួយគ្នានោះក៏លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏ដូចជា​សាធារណជន ក្នុងការ​រួមចំណែក​ដ​ល់​ការគ្រប់គ្រង ការការពារ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ក្នុង​តំបន់​ ៕