អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់វិធានការពង្រឹងទប់ស្កាត់ និងបង្ក្រាបការនាំចូលគ្រឿងញៀន ខុសច្បាប់ នៅតាមច្រករបៀងនានា នៃខ្សែបន្ទាត់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ !

0
45

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធនា ,អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានលេខា ធិការដ្ឋានគ្រឿងញៀនខេត្ត លោក ស៊ូ សិរី បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ជួរមុខ នាថ្ងៃទី២០តុលាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។
វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងមានរយះពេល ៣ថ្ងៃ ចាប់ថ្ងៃទី២០តុលា ដល់ថ្ងៃទី២២តុលា ឆ្នាំ២០២០ ដែលមានការចូលរួមពីទីប្រឹក្សាអមស្ថាន ទូតថៃទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួត ពិនិត្យគ្រឿងញៀនថៃ « ONCB » លោក ឆាវ៉ាលុត ថុងជាវ ,ប្រធាន-អនុប្រធាននាយកដ្ឋាន ,ស្នងការរង នគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី ឡុង សំអឿន ,គ្រូឧទ្ទេសនាម និងសិក្ខាកាមមកពី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ មកពីការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត ,ការិយាល័យ ប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត ,ការិយាល័យអន្តោ ប្រវេសន៍ប្រចាំច្រកទ្វាអន្តរជាតិ ,សាខាគយ និងរដ្ឋាករប្រចាំច្រកទ្វាអន្តរជាតិ ,នគរបាលវរៈព្រំដែនកម្ពុជា-ឡាវ និងកម្ពុជា-ថៃ ,វរៈការពារព្រំដែនយោធា ស្ថិតនៅស្រុកជាប់ព្រំដែន កម្ពុជា-ឡាវ និងកម្ពុជា-ថៃ និងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង-ស្រុកជាប់ កម្ពុជា-ឡាវ និងកម្ពុជា-ថៃ មានចំនួនជាង ៥០នាក់។
អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តព្រះវិហារ លោក ស៊ូ សិរី បានមាន ប្រសាសន៍ថា រដ្ឋបាលខេត្តព្រះវិហារ មានវិស័យជាអទិភាពសំខាន់ៗ ចំនួន ៩ ក្នុងនោះ វិស័យកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ វិស័យបរិស្ថាន វិស័យទេសចរណ៍ វិស័យរ៉ែ និងថាមពល វិស័យអប់រំ វិស័យធនធានទឹក និងឧតុនិយម វិស័យសុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ ប័ណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍ ដាក់វិធានការ និងណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសមន្ត្រីចំណុះរដ្ឋបាលខេត្តព្រះវិហារ ត្រូវម្ចាស់ការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និង ភារកិច្ចរបស់ខ្លួន ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបនិងដោះស្រាយរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹង គ្រឿងញៀន ត្រូវបន្តនិងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែខ្លាំងក្លាថែមទៀត ត្រូវយកចិត្ត ទុកដាក់និងអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ គឺ “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ និងកុំលើកលែង ” ត្រូវសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការផ្សព្វផ្សាយ ណែនាំ អំពីបញ្ហាគ្រឿងញៀនឲ្យបានជាប្រចាំ ត្រូវផ្សព្វផ្សាយដល់ អាណាព្យាបាល ពិសេស មាតាបិតាសិស្សានុសិស្ស សូមបន្តចូលរួម គាំទ្រឲ្យបានកាន់ តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយឲ្យបានទាន់ពេលវេលា ត្រូវត្រងត្រាប់ស្តាប់ ដោយយកចិត្តទុកដាក់ និងលើកឡើងនូវចម្ងល់ សំនួរ បញ្ហាប្រឈមដែលជួបប្រទះ ក្នុងពេលអនុវត្តជាក់ស្តែង ដើម្បីដាក់ជូនលោកគ្រូឧទ្ទេសបកស្រាយជូនឲ្យបានច្បាស់ និងពេលត្រឡប់ទៅបំពេញការងារវិញ អនុវត្ត បានត្រឹមត្រូវ ។
ទីប្រឹក្សាអមស្ថានទូតថៃទទួលបន្ទុកគ្រឿងញៀន តំណាងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ « ONCB » លោក ឆាវ៉ាលុត ថុងជាវ បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសថៃ សុទ្ធតែរងឥទ្ធិពលពីបញ្ហា គ្រឿងញៀន ក៏ដូចប្រទេសដ៏ទៃទៀត លើពិភពលលោកផងដែរ។ លោកបានបន្តថា គ្រឿងញៀនសំខាន់ ត្រូវបានចរាចរណ៍ចេញពីតំបន់ត្រីកោណមាស ចូលមកក្នុងបណ្តាប្រទេស ជាពិសេសនៅក្នុងតំបន់ ជាបទពិ សោធន៍បានបង្ហាញឲ្យឃើញថា គ្មានប្រទេសណាមួយ អាចដោះស្រាយបញ្ហាគ្រឿងញៀនតែឯងបានទេ វាទាមទាចាំបាច់នូវកិច្ចសហប្រតិបត្តិការរួមគ្នា ព្រោះថាឧក្រិដ្ឋជនគ្រឿងញៀនកាន់តែមានកលល្បិច និង ប្រើប្រាស់វិធីសាស្ត្រកាន់តែមានភាពស្មុគស្មាញ ដែលមានការលំបាកសម្រាប់សមត្ថកិច្ចទប់ស្កាត់ និងបង្ក្រាប ។ លោកថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពមួយដែលចូលរួម រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ដើម្បីធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ នៃ យន្តការក្នុងតំបន់។ លោកសង្ឃឹមថា សិក្ខាកាមនឹងទទួលបានបទពិសោធន៍ជំនាញ ពីគ្រូឧទ្ទេសនាម អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ នឹងគាំទ្រលើ ផ្នែកជំនាញ គ្រប់សកម្មភាព និងទទួលបានការសហការ ពីមន្ត្រីអនុវត្តច្បាប់ជួរមុខ ផងដែរ។អគ្គលេខាធិការស្តីទី នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧត្តម សេនីយ៍ឯក នាក់ យុទ្ធនា បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ ក្នុងការរួម ចំណែកអភិវឌ្ឍន៍សមត្ថភាព ជូនដល់មន្ត្រីអនុវត្តច្បាប់គ្រឿងញៀន តាមរយះការចែករំលែកចំណេះដឹង និង បទពិសោធន៍ បន្ថែមលើចំណេះដឹងរបស់ខ្លួនដែលមានស្រាប់ ពិសេសមន្ត្រីដែលស្ថិតនៅជួរមុខ។ លោក ឧត្តមសេនីយ៍ បានបន្តថា ពិតណាស់ថា ការអនុវត្តន៍ច្បាប់ត្រួតពិនិត្យគ្រឿងញៀនបានជោគជ័យ គឺត្រូវការ ចាំបាច់នូវការពង្រឹងសមត្ថភាពរបស់មន្ត្រី ដែលជាអង្គប្រតិបត្តិករដ៏សំខាន់ ព្រោះថា ចំណេះដឹងនិងបទពិ សោធន៍ ព្រមជាមួយក្រមសីលធម៌វិជ្ជាជីវៈ ពិតជាសក្តិសមនិងមិនអាចខ្វះបាន ក្នុងបេសកកម្មដ៏សំខាន់ សំ ដៅរួមចំណែក លើកកម្ពស់ប្រសិទ្ធភាព ក្នុងការបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធនា បានក្រើនរំលឹកដល់សិក្ខាមទាំងអស់ ត្រូវខិតខំយកចិត្តទុក ដាក់រៀនសូត្រ និងសួរដេញដោលនូវចំណុចមន្ទិលសង្ស័យ ដើម្បីក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសនាម ទាំងអស់ ពីព្រោះពេលនេះជាឧិកាស ដែលយើងបានទទួលយក និងបំពេញបន្ថែមនូវកង្វះខាត ដើម្បីត្រៀម លក្ខណៈចូលរួម ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមឲ្យទាន់សភាពការណ៍វិវឌ្ឍន៍ នៃនិន្នាការ គ្រឿងញៀន នាពេលបច្ចុប្បន្ន។ លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាម ទាំងអស់ នឹងយកចំណេះដឹងទាំងនេះ ទៅចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ ក្នុងវគ្គបណ្តុះ បណ្តាលរយះពេល ៣ថ្ងៃនេះ ប្រែក្លាយទៅជាសកម្មភាពអនុវត្តជាក់ស្តែង ក្នុងការបង្ការ ទប់ស្កាត់ និងកាត់ ផ្តាច់នូវរាល់សកម្មភាពខុសច្បាប់ របស់ពួកឧក្រិដ្ឋកម្មគ្រឿងញៀន និងរួមគ្នាលុបបំបាត់គ្រឿងញៀន នៅក្នុង ប្រទេស ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃកម្ពុជា។
សូមជម្រាបថា លេខាធិការដ្ឋានគ្រឿងញៀនខេត្តព្រះវិហារ បានបង្ហាញថា នៅក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២០នេះ យុទ្ធាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៥ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តព្រះវិហារ ក្នុងនោះ ស្នងការ ដ្ឋាននគរបាលខេត្ត បង្ក្រាបជាក់ស្តែងបាន ២៥លើក ឃាត់ខ្លួនជនសង្ស័យ ៥៩នាក់ ស្រី ៩នាក់ ជនជាតិវៀត ណាម ១នាក់ បង្ក្រាបការជួញដូរគ្រឿងញៀនបាន ២១ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ ស្រី ៧នាក់ ការប្រើប្រាស់គ្រឿងញៀន ១ករណី ឃាត់ខ្លួនជនសង្ស័យ ៤នាក់ ជនជាតិវៀតណាម ១នាក់ ដកហូតវត្តុតាងថ្នាំ ញៀនក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ២០០ ៥៤២,៤៤ ក្រាម ( ពីរសែនប្រាំរយសែសិប ពីរក្បៀសសែ សិបបួនក្រាម) ស្មើជាង ២០០ គីឡូក្រាម។ ថ្នាំគ្រាប់ពណ៌ផ្កាឈូក ប្រភេទមេតំហ្វេតាមីន (WY) ០,៣១ក្រាម (សូន្យក្បៀសសាមសិបមួយក្រាម) ព្រមទាំងសម្ភារៈវិចខ្ចប់ និងមធ្យោបាយមួយចំនួនទៀត ផងដែរ។ កងរាជអាវុធ ហត្ថខេត្ត បង្ក្រាបជាក់ស្តែងបាន ២លើក ស្មើរនឹង១៤ ករណី ឃាត់ខ្លួនជនសង្ស័យ ២៧ នាក់ ស្រី ៣នាក់ ក្នុងនោះ ការជួញដូរគ្រឿងញៀន ១៣ ករណី ការប្រើប្រាស់គ្រឿងញៀន ១ករណី រឹបអូសវត្ថុតាង ក្រាមពណ៌ សថ្លា ប្រភេទមេតំហ្វេតាមីន (ICE) ៥១ កញ្ចប់ មានចំនួន ២៨.៨២ ក្រាម ( ម្ភៃប្រាំបីក្បៀសប៉ែតសិបពីរក្រាម) ម៉ូតូ ប្រាក់រៀល ប្រាក់ដុល្លារក្លែងក្លាយ សម្ភារៈ និងឧបករណ៍ជាច្រើន ថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here