ឯកឧត្តម សុខ លូ និងឯកឧត្តម ឃឹងនុភាព នាំយកអំណោយសម្តេចតេជោផ្តល់ជូនប្រជាពលរដ្ឋ២៤៧ គ្រួសាររងគ្រោះដោយសារទឹកជំនន់ ស្រុកប្រាសាទបល្ល័ង្ក

0
20

(កំពង់ធំ)៖ពិធីចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៤៧ គ្រួសារ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ស្ថិតក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំនិងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលស្រុក និងមន្ទីរពាក់ព័ន្ធ រួមទាំងកងកម្លាំងទាំងបីប្រភេទ ក្នុងនោះមានកម្លាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន៨៣ នាក់សម្រាប់ដឹកជញ្ជូនឆ្លងកាត់ទឹកដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅភូមិ ត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំថ្ងៃទី២១ខែតុលាឆ្នាំ២០២០ ។
ឯកឧត្តម សុខ លូ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខបងប្អូនប្រជាពរដ្ឋពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលដែលបានគិតគូរចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋខណៈពេលដែលទទួលរងគ្រោះដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធរួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅតាមមូលដ្ឋាន ដោយមិនទុកឱ្យបងប្អូនប្រជាពរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ ។
ក្នុងនោះ សុខ លូ ក៏បានកោតសរសើរនូវកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមទាំងប្រជាពលរដ្ឋជាពិសេសកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលប្រឹងប្រែងអស់ពីកម្លាំងចិត្តកម្លាំងកាយជួយជញ្ជូនសម្ភារៈនិងស្បៀងអាហារចម្លងទឹកស្ទឹង ទៅដល់គោលដៅ ចែកអំណោយដោយសុវត្ថិភាព។
ឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យថែរក្សាសុខភាពអនាម័យ គេងក្នុងមុង ហូបស្អាតផឹកស្អាត រស់នៅមានការប្រយ័ត្នប្រយែងជៀសវាងកើតជំងឺរាគរូសដែលអាចឆ្លងមកតាមទឹកជំនន់និងការពារពីសុវត្ថិភាព ពីពួកសត្វសេរពិស ជាពិសេសការពារអាយុជីវិតក្មេងៗនិងមនុស្សចាស់ ជៀសវាងមានគ្រោះថ្នាក់ដោយសារទឹកជំនន់។
សូមបញ្ជាក់ផងដែរថាភូមិត្រពាំងព្រីងស្ថិតនៅដាច់ស្រយាលការធ្វើដំណើរប្រកបដោយសែនលំបាកដោយសារទឹកជំនន់កាត់ផ្លូវថ្នាល់ ស្ពាន ចាំបាច់ត្រូវលីសែងអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែងនិងឆ្លងកាណូតដើម្បីនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋឪ្យដល់គោលដៅដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់និងកំពុងរង់ចាំអំណោយពីថ្នាក់ដឹកនាំខេត្តកំពង់ធំ។
ក៏ប៉ុន្តែបើទោះបីទឹកហូរកាត់ផ្តាច់ស្ពានថ្នាល់ ក៏មិនអាចរារាំងសកម្មភាពមនុស្សធម៌នេះបានឡើយដោយសារ ការដឹកនាំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានប្រើប្រាស់ គោយន្ត កាណូត និងកម្លាំងថ្មើរជើងរួមចិត្តរួមកម្លាំងពីបងប្អូនប្រជាពលរដ្ឋនិងកងកម្លាំងជញ្ជូនអំណោយមនុស្សធម៌ទៅដល់គោលដៅប្រកបដោយជោគជ័យ ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារមានអង្ករ មី ទឹកត្រី ទឹកស៊ីអីុវ ទឹកសុទ្ធ និង ត្រីខ ។

LEAVE A REPLY

Please enter your comment!
Please enter your name here