ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់ទឹកភ្លៀង ចំនួន២១២គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ ទទួលបានអំណោយ មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

0
29

(កំពង់ធំ): លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងលោកជំទាវ ព្រមទាំងសហការី បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងគ្រោះបង្កដោយជំនន់ទឹកភ្លៀង ចំនួន ២១២គ្រួសារ នៅទីតាំងផ្សេងគ្នា ក្នុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២០នេះ

ជាមួយគ្នានោះឯកឧត្តម សុខ លូ ក្រោយពីបានទទួលដំណឹងពីលោកមេឃុំថា បងប្អូនមានការលិចលង់ភ្លាម ឯកឧត្តមបានចាត់អោយលោកអភិបាលស្រុករៀបចំបញ្ជីឈ្មោះដើម្បីនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា ដោយមិនទុកឱ្យបងប្អូនណាម្នាក់អត់ស្បៀងអាហារហូបនោះទេទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហមចុះជួយជានិច្ច ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមដងផ្លូវ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន។
នាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូរ ការស្រឡាញ់ ចែករំលែកនូវការលំបាក និងចូលរួមសោកស្តាយយ៉ាងក្រៃលែងជាមួយបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កដោយការប្រែប្រួលអាកាសធាតុ ។
លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវសារអំពាវនាវ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនដល់បងប្អូនជនរួមជាតិ៖
១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗ កុំបណ្តែត បណ្តោយឱ្យលេងទឹកពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។
៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហេីយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដេីម្បីស្តារសេដ្ឋកិច្ចគ្រួសារឡេីងវិញ។
៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅពីការខ្វះអនាម័យមកមានអនាម័យ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះ មានភូមិសាគ្រាមជើង ភូមិសាគ្រាមត្បូង ភូមិវាលថ្នល់ ភូមិវាលចាស់ ភូមិអូរអង្គរ និងភូមិព្រិច ហើយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអុីវ ៦ដប និងឃីត១កញ្ចប់ (មុង១,ភួយ១, សារុង១, ក្រមា១ និងអាវយឺតចំនួន២)៕

LEAVE A REPLY

Please enter your comment!
Please enter your name here