ឈើក្រញូងជាង ២០០០ដុំត្រូវបញ្ជូនទៅឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ

56

សាលាដំបូងខេត្តបន្ទាយមានជ័យបានប្រគល់ឈើក្រញូងជាង ២០០០ដុំ ឲ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ក្រោយអាជ្ញាធរបង្ក្រាបបាន ក្នុងរថយន្តដឹកស៊ីទែនសាំង១គ្រឿងដែលបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលស្លាប់ម្នាក់និងរបួសម្នាក់កាលពីឆ្នាំមុន។

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាឈើក្រញូងចំនួន ២,៤៨៥ដុំ ស្មើ៣,២០៩គីឡូក្រាមត្រូវបានតុលាការខេត្តបន្ទាយមានជ័យប្រគល់ដល់មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើហើយនៅល្ងាចថ្ងៃទី០៩ ​ ខែកុម្ភៈឆ្នាំ២០១៨ ដើម្បីយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ ។

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីដើមឆ្នាំ ២០១៧ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឃាត់រថយន្ត ១គ្រឿងដឹកស៊ីទែនសាំង បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលមនុស្សម្នាក់ស្លាប់ និងរបួសម្នាក់ ​ក្រុងសិរីសោភ័ណ។

ក្រោយបង្កគ្រោះថ្នាក់​ចរាចរណ៍​ និងត្រូវបាន​ឃាត់ទុក ​៧ខែ កាលពីថ្ងៃទី២១ ខែ មករាឆ្នាំ ២០១៨ ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យបានវះ រថយន្តដឹកស៊ី​ទែន​​សាំង​នោះឃើញ​សុទ្ធតែ​ឈើក្រញូងចំនួន២,៦១០ដុំ​ ហើយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយរក្សាទុក៕