ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ព្រមទាំងក្រុមការងារ បន្តនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនគ្រួសារលិចលង់

0
48

នៅភូមិត្រពាំងព្រីង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ មកឧបត្ថម្ភដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា។

ទាក់ទងនឹងគ្រោះទឹកជំនន់ដែលកំពុងយាយីនាពេលបច្ចុប្បន្ននេះ លោកអភិបាល បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឱ្យរួចផុតពីគ្រោះថ្នាក់ និងទៅដល់ទីទួលសុវត្ថិភាព។ ក្រៅពីការជួយសង្គ្រោះប្រជាពលរដ្ឋដល់ទីទួលសុវត្ថិភាព មានកម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត បានអប់រំផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ ចៀសវាងជំងឺរាតត្បាតនានាដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ។ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់នេះ និងសូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី សូមប្រុងប្រយ័ត្ន និងការពារកុំឱ្យកើតមានជំងឺគ្រុនឈាម និងគ្រុនឈីក។

LEAVE A REPLY

Please enter your comment!
Please enter your name here