សម្តេចតេជោផ្តល់ផ្ទះ១៧៣ខ្នង ដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ

0
30

កំពង់ធំ៖ គិតចាប់តាំងពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ផ្តល់ផ្ទះដល់អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ចំនួន១៧៣ខ្នង តាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ។

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០, លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះខ្នងទី១៧៣ ជាអំណោយរបស់សម្តេចតេជោ ជូនអតីតយុទ្ធជន នៅឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ លោកឧត្តមសេនេយ៍ទោបញ្ជាក់ថា អតីតយុទ្ធជនទទួលបានផ្ទះថ្មីឈ្មោះ ឈួន ម៉ន អាយុ ៦៣ឆ្នាំ បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៣ នៅអង្គភាព កងពលលេខ៥ចាស់ បានត្រូវរបួសពិការ នៅខែមេសា ១៩៩៨ នៅសមរភូមិអន្លង់វែង បច្ចុប្បន្នប្រកបមុខរបរធ្វើស្រែ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ មានដីលំនៅដ្ឋាន តែគ្មានលទ្ធភាពសាងសង់ផ្ទះសមរម្យ។ ចំពោះមុខនេះ ការយកចិត្តទុកដាក់របស់សម្តេចតេជោ តាមរយៈសមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ផ្តល់ផ្ទះថ្មីមួយខ្នងទំហំ ៤មx៦ម ធ្វើអំពីឆ្អឹងដែក ដំបូលប្រក់ស័ង្កសីកិនភ្លី ជញ្ជាំងស្មាតប៊ត និងរនាបក្តារ ជណ្តើរកាច់ សង់ខ្ពស់ផុតពីដី។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនអតីតយុទ្ធជន នៅគ្រប់ទីកន្លែង និងបានលើកឡើងថា ទាំងនេះជាការដឹងគុណដ៏ធំធេងដល់អតីតយុទ្ធជនក្នុងការបូជាសាច់ស្រស់ ឈាមស្រស់របស់បងប្អូនដែលបានចូលរួមចំណែកជាមួយសម្តេចក្នុងបុព្វហេតុធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ហើយនៅឆ្នាំ២០២១ខាងមុខនេះ សម្តេចនឹងតម្លើងប្រាក់បៀវត្សន៍បន្ថែមជូនដល់អតីតយុទ្ធជន ដែលចូលនិវត្តន៍មុនៗឲ្យបានទទួលប្រាក់ខែប្រហាក់ប្រហែលនិងអតីតយុទ្ធជនដែលទើបចូលនិវត្តន៍ផងដែរ។
ទន្ទឹមជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោកផ្តល់ជូនបន្ថែមរួមមាន÷ អង្ករ ចំនួន ៥០ គ.ក្រ , មីចំនួន ០២កេស ,ទឹកបរិសុទ្ធ ចំនួន ០២កេស, ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ០២ យួរ មុងជ្រលក់ថ្នាំចំនួនមួយ និងថវិកាមួយចំនួនផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here